ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ នឹងបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសពិសេស ដល់កម្មករព្យួរការងារ និងបាត់បង់ការងារធ្វើ ដោយការរីករាលដាលនៃជំងឺកូវីដ-១៩

១៨ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពិសេស ដល់កម្មករនិយោជិត ដែលត្រូវបានព្យួរការងារ និងបាត់បង់ការងារធ្វើ ដោយការរីករាលដាលនៃជំងឺកូវី៥-១៩។ វគ្គពិសេសនេះ គឺផ្ដោតលើជំនាញវិជ្ជាជីវៈ ដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ហើយ​សិក្ខាកាម ក៏ទទួលបាន ២០ម៉ឺនរៀល ក្នុង ១ខែថែមទៀត​។

 

 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារធ្វើ ដោយការរីករាលដាលនៃជំងឺកូវី៥-១៩ និងសាធារណៈជនថា ក្រសួងនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ វគ្គពិសេសនេះមានរយៈពេល ៤ខែ ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែល ទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

 

 

បើតាមក្រសួងការងារ ក្នុងអំឡុងពេលបណ្តុះបណ្តាល សិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០.០០០ រៀល ក្នុងមួយខែសម្រាប់ ចំណាយលើការហូបចុក និងស្នាក់នៅ។ ក្រសួងបញ្ជាក់ថា កម្មករនិយោជិតដែលចាប់អារម្មណ៍ចង់ចូលសិក្សាវគ្គពិសេសនេះ ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសំគាល់កម្មករ និយោជិតខ្មែរ កាតសំគាល់ខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការ ចុះឈ្មោះចូលរៀននៅតាម គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំណុះអោយក្រសួងការងារនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង កំពង់ចាម ព្រះសីហនុ សៀមរាប កណ្ដាល និងខេត្តកំពង់ឆ្នាំង។

 

 

សិក្ខាកាមអាចជ្រើសរើសជំនាញវិជ្ជាជីវៈណាមួយដែលខ្លួនពេញចិត្តដូចជាជំនាញអគ្គិសនី ជួសជុលយានយន្ត បរិក្ខាត្រជាក់ កែសម្ផស្ស សំអាងការជាដើម និងជំនាញជាច្រើនទៀត។

 

សូមបញ្ជាក់ថា គិតចាប់ពីខែកុម្ភៈ រហូតដល់ពេលនេះនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាច្រើនលានដុល្លារហើយ បើកជូនដល់បងប្អូនកម្មករនយោជិតក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍ ដែលត្រូវបានព្យូរកិច្ចសន្យាការងារដោយសារតែឥទ្ធិពលវិបត្តិកូវីត១៩ បន្ទាប់ពីការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែែកជើងពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ។

 

 

ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងាររូបនេះបានបន្តថា បច្ចុប្បន្នរោងចក្រដែលបានព្យូរការងារជាប្រចាំថ្ងៃមានការថយចុះច្រើន។ ចំណែក កម្មករនយោជិត ដែលត្រូវបានព្យូរកិច្ចសន្យាការងារនៅសល់តែប្រមាណ៥ម៉ឺននាក់ ដែលមានការធ្លាក់ចុះដូចគ្នា ខណៈរាជរដ្ឋាភិបាលភិបាលកម្ពុជា នៅតែបន្តគិតគួរដល់ជីវភាពកម្មករនយោជិតដោយផ្ដល់ប្រាក់ឧបត្តមជាបន្តបន្ទាប់រហូតទាល់តែមានសេចក្ដីសម្រេចថ្មី៕

 

អត្ថបទ៖ សំ ជំនាញ​​រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024