ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

បទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃយកភ្លុក និងកន្ទុយ ស្ទើរតែគ្មាន ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ

១០ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង និងស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែវិច្ឆិកានេះ។

 


ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា បើទោះបីជាកម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែ ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល និងការស្វែងរកចំណីរបស់ហ្វូងដំរី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។ 

 


ឯកឧត្តមបានបន្តថា យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ឯកឧត្តមបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។ 

 


បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដំរីអាស៊ីត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ 

 


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ក្បាលមាន ៤ក្បាលដែលមានអន្ទាក់នៅ ជាប់នឹងជើងរបស់ពួកវាហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។ ភស្តុតាងនេះបានបញ្ជាក់ថា ការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផងដែរ។

 


សូមជម្រាបថា នៅក្នុងរយៈពេល ១០ ខែឆ្នាំ២០២០ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិដែលចុះល្បាតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែងដែលមានផ្ទៃដីសរុបជាង ៧,៣លានហិកតា ប្រមាណ៤១% នៃផ្ទៃប្រទេសកម្ពុជា បានដកអន្ទាក់បានប្រមាណ ៣០០០០ អន្ទាក់ និងជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024