ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីថា ពិបាកក្នុងការទប់ស្កាត់ព្រានព្រៃ ឆ្លងប្រទេស និងបទល្មើសក្នុងព្រៃជ្រៅ

១២ តុលា ២០២០ | ព័ត៌មានជាតិ

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា បទល្មើសជួយដូរសត្វព្រៃ និងធនធានធម្មជាតិ មិនទាន់គ្រប់គ្រងបានល្អនៅឡើយទេ។ មិនទាន់គ្រប់គ្រងបាន ដោយសារខេត្តភូមិភាគឥសាន្តមួយនេះ ជាខេត្តមួយដែលជាប់ព្រំប្រទល់វៀតណាម ដែលធ្វើឲ្យមានការពិបាកក្នុងការទប់ស្កាត់ព្រានព្រៃឆ្លងប្រទេសចូលមក និងបទល្មើសក្នុងព្រៃជ្រៅ។

 


លោក កែវ សុភ័ក្រ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការដាក់អន្ទាក់បានក្លាយក្តីបារម្ភ និងបង្កហានិភ័យធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃ ហើយអន្ទាក់ជាច្រើនត្រូវបានប្រមូលចេញពីក្នុងតំបន់ការពារធម្មជាតិ ដែលភាគច្រើននៃអន្ទាក់ទាំងនេះត្រូវបានផលិត និងច្នៃឡើងដោយប្រើខ្សែកាប ឬខ្សែភ្លើង។ តែយ៉ាងណា លោកបានបញ្ជាក់ថា ជាយន្តការសម្រាប់មន្ទីរបរិស្ថានខេត្ត នៅតែបន្តសហការជាមួយអង្គការដៃគូបណ្តាខេត្តជាប់ព្រំប្រទល់ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីថា តំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីមានចំនួន៦កន្លែង និងមានផ្ទៃដីសរុបប្រមាណ ១លានហិកតា។ ចំពោះការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ ឯកឧត្តមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមានមន្ត្រីឧទ្យានុរក្សសរុបចំនួន ១០៤នាក់ ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារនៅឡើយទេ។

 


របាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន ២៩៩៥លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី, ពិន័យអន្តរការណ៍ចំនួន ២៦ករណី, រឹបអូសរណារយន្តបានចំនួន ៣៦៤គ្រឿង, ចាប់ឃាត់រថយន្តចំនួន ៣៤គ្រឿង និងដោះអន្ទាក់ដាក់សត្វព្រៃចម្រុះសរុបចំនួន ២៩៥៧ខ្សែ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024