ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រយៈពេល ៩ខែឆ្នាំ២០២០ បទល្មើសធនធានធម្មជាតិ ក្នុងព្រៃឡង់ជិត ១ពាន់ករណី ត្រូវបានបង្ក្រាប

២០ តុលា ២០២០ | ព័ត៌មានជាតិ

ក្នុងរយៈពេល ៩ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ បានធ្វើប្រតិបត្តិការចុះល្បាតជាង ១៨០០លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួនជិត ១ពាន់ករណី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ នៅក្នុងការបង្ក្រាបបទល្មើសនោះ ឆ្មាំព្រៃបានដកហូតឈើរាប់រយម៉ែត្រគូប និងឧបករណ៍បំផ្លាញព្រៃឈើ សត្វព្រៃជាច្រើនទៀត។

 


រយៈពេល ៩ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួនជាង ១៨០០លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៤០ករណី ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ករណី និងពិន័យអន្តរការណ៍ ៤១ករណី។ នេះបើតាមរបាយការណ៍ផ្តល់ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

 


ឯកឧត្តមបានឲ្យដឹងថា ក្នុងការបង្ក្រាបរយៈពេល៩ ខែនេះមន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្តចំនួន១០៦គ្រឿង និងម៉ូតូ ៤៦គ្រឿង រឹបអូសឈើជាង ៣០០ ម៉ែត្រគូប ដោះអន្ទាក់បានចំនួនជាង ១៦០០អន្ទាក់ និងដកហូតកាំភ្លើងកែច្នៃបានចំនួន ១០៣គ្រឿង។


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបន្តទៀត។ 

 


ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាដែលជំរុញឲ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើអនុផលព្រៃឈើ និងការទាក់ទាញ ញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ 

 


សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤នាក់បាននិងកំពុងឈរជើងការពារ និងសហគមន៍ចំនួន ១៩ បានចូលរួមសហការចុះល្បាតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024