ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីឧទ្យានុរក្ស៖ ប្រឈមខ្លាំង គឺការបាញ់តដៃពីក្រុមជនល្មើសសត្វព្រៃ

២៥ មករា ២០២១ | ព័ត៌មានជាតិ

​​ការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្ស គឺប្រឈមមុខជាច្រើន ក្នុងនោះ ប្រឈមខ្លាំងជាមួយក្រុមជនល្មើស ដោយសារក្រុមជនល្មើសខ្លះ បានប្រើប្រាស់អាវុធ ទាំងអាវុធពិត និងអាវុធកែច្នៃ ហើយថែមទាំងបាញ់តដៃជាមួយមន្ត្រីថែមទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ស៊ីន សត្ថា ដែលជាមន្រ្តីឧទ្យានុរក្ស ធ្វើការនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

 


លោក ស៊ីន សត្ថា ដែលជាមន្រ្តីឧទ្យានុរក្សមួយរូបធ្វើការនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី បានឲ្យដឹងបន្ថែមថា ក្រៅតែពីការប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត មន្ត្រីប្រឈមខ្លាំងនៅក្នុងរដូវវស្សាដែលពិបាកធ្វើដំណើរល្បាតព្រៃ និងងាយកើតជំងឺដង្កាត់ផ្សេងៗជាដើម។

 


ទោះបីជាត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗបែប​ណាក៏ដោយ មន្រ្តីឧទ្យានុរក្សរូបនេះ ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ប្តេជ្ញាអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ដើម្បីថែរក្សា ការពារធនធានសត្វព្រៃ និងទីជម្រកធម្មជាតិនៅក្នុងតំបន់ការពារ។

 


សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សប្រចាំនៅតាមតំបន់ការពារធម្មជាតិមាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលយុត្តធម៌មានភារកិច្ចល្បាតជាប្រចាំ ក្នុងការអង្កេត តាមដាន ស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ មន្ត្រីឧទ្យានុរក្សក៏មានភារកិច្ចប្រចាំការជាប្រចាំ ក្នុងការយាមកាម ត្រួតពិនិត្យលិខិតអនុញ្ញាត និងឯកសារផ្សេងៗ ក៏ដូចជាការនាំចេញ និងនាំចូលនូវប្រភេទសត្វ រុក្ខជាតិ គ្រាប់រុក្ខជាតិ និងសំណាកផ្សេងៗក្នុងតំបន់ការពារធម្មជាតិ។

 


ភារកិច្ចមួយទៀតរបស់ឧទ្យានុរក្សគឺ ការងារ អប់រំផ្សព្វផ្សាយស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និងអភិវឌ្ឍន៍សហគមន៍ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ។ ក្រៅពីភារកិច្ចស្នូលទាំងនេះ មន្រ្តីឧទ្យានុរក្សបានដើរតួនាទីចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន និងជាកម្លាំងអន្តរាគមន៍លើការងារសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយកើតមានឡើង ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួតជាដើម។ល។


កម្លាំងឧទ្យានុរក្សមានចំនួនកើនពី ៧៥នាក់ក្នុងឆ្នាំ១៩៩៥ កើនដល់ចំនួន ៩៦០នាក់ក្នុងឆ្នាំ២០១០ និងជាង ១២០០នាក់ ត្រឹមឆ្នាំ២០២០។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានឧទ្យានុរក្ស ចំនួន៤រូប បាន​ពលីជីវិតពេលបំពេញភារៈកិច្ច និងឧទ្យានុរក្សមួយចំនួនទៀតក៏បានរងរបួសក្នុងពេលបំពេញការងារផងដែរ៕

 

អត្ថបទ៖ អឿន ភារ៉ា​ រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024