ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

១៨ ខែចុងក្រោយ មន្ត្រីល្បាតបញ្ឈប់ការទន្ទ្រានដីខុសច្បាប់ចំនួន ១៧១ករណី និងបញ្ជូនជនល្មើសចំនួន ៨៧នាក់ទៅតុលាការ

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

រយៈពេល ១៨ ខែចុងក្រោយនេះ រាប់ចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃចំនួនជាង ៧ពាន់លើក លើចម្ងាយផ្លូវជាង ២៤ម៉ឺនគីឡូម៉ែត្រ។ ក្នុងបេសកកម្មល្បាតព្រៃនេះ មន្ត្រីល្បាតបញ្ឈប់ការទន្ទ្រានដីខុសច្បាប់ចំនួន ១៧១ករណី និងជនល្មើសចំនួន ៨៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

 


ទោះបីជាមានការរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពអប់រំ ក៏បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅក្នុងតំបន់ការពារធម្មជាតិនានា។ ជាក់ស្តែង មនុស្សចំនួន៨៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ខណៈពាក្យបណ្តឹងមានចំនួន ២០៥ករណី និង៣០០ករណីទៀត រងការពិន័យអន្តរកាលតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។  នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

 


ឯកឧត្តមបានបញ្ជាក់ថា រយៈពេល ១៨ខែចុងក្រោយ រាប់ចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាតទាំងយប់ទាំងថ្ងៃចំនួនជាង ៧ពាន់លើក លើចម្ងាយផ្លូវជាង ២៤ម៉ឺនគីឡូម៉ែត្រ នៅតំបន់ជួរភ្នំក្រវាញទំហំ ១,៤លានហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ 

 


ឯកឧត្តមបានបន្ថែមថា ក្នុងប្រតិបតិ្តការនេះ កម្លាំងល្បាតបានបញ្ឈប់ការទន្ទ្រានដីដោយខុសច្បាប់ចំនួន ១៧១ករណី រុះរើខ្ទមខុសច្បាប់ជិត១ពាន់កន្លែង ដកហូតឈើចំនួនជាង ២ពាន់ម៉ែត្រគូប ដកហូតនិងរឹបអូសរណាយន្តជិត ២ពាន់គ្រឿង ដោះអន្ទាក់បានចំនួនជាង ៣ម៉ឺនអន្ទាក់ ជួយសង្គ្រោះសត្វព្រៃរស់ និងស្លាប់ជិត១ពាន់ក្បាល រួមទាំងរឹបអូសរថយន្ត ត្រាក់ទ័រ ម៉ូតូ និងគោយន្តចំនួនជាង ៦០០គ្រឿង។ 

 


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះដែលកម្ពុជាមាន ពិសេសបានធ្វើឲ្យបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃមានការថយចុះ។ 

 


សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ក្នុងនោះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន១២៦០នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ ដើម្បីល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024