ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន កំពុងស៊ើបអង្កេតលើករណីជនខិលខូច វាតយកដីរដ្ឋដោយខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

០៨ តុលា ២០២០ | ព័ត៌មានជាតិ

ក្រសួងបរិស្ថានកំពុងស៊ើបអង្កេតលើករណីជនខិលខូច លួចបោះបង្គោល និងធ្វើរបងទន្ទ្រានកាន់កាប់យកដីរដ្ឋ នៅក្នុងទីតាំងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ក្រសួងបានព្រមាន ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ព្រោះថា វាជាសកម្មភាពខុសច្បាប់។

 


មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសមត្ថកិច្ចបានចុះដកបង្គោល និងរបងហ៊ុមព័ទ្ធយកដីរដ្ឋដោយខុសច្បាប់នៅក្នុងទីតាំងដែនជម្រកសត្វព្រៃកែវសីមា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បន្ទាប់ពីពិនិត្យឃើញថា មានជនខិលខូចលួចបោះបង្គោលថ្ម និងរបងឈើហ៊ុមព័ទ្ធជាច្រើនកាលពីពេលថ្មីៗនេះ។

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានព្រមានឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ព្រោះថាវាជាសកម្មភាពខុសច្បាប់ និងបញ្ជាក់ថា ក្រសួងកំពុងស៊ើបអង្កេតលើករណីនេះ ដើម្បីវែកមុខរកជនជនខិលខូចមកអនុវត្ដច្បាប់ដោយមិនមានការលើកលែង។ 

 


ការធ្វើសម្មភាពដក និងបំផ្លាញចោលនៅនឹងកន្លែងនេះ ក្នុងពេលដែលឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះស្វែងយល់ពីការងាររៀបចំគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា រយៈពេលបីថ្ងៃពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា។


ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានប្តេជ្ញាបន្តអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់ ការពារតំបន់ពារធម្មជាតិ ការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងសម្បត្តិធម្មជាតិផ្សេងៗទៀត ជាពិសេសជំរុញឲ្យសហគមន៍ចូលរួមទទួលខុសត្រូវក្នុងកិច្ចការងារការពារ និងអភិរក្សនេះដែរ ដើម្បីជាផលប្រយោជន៍រួម និងរក្សាបាននូវសម្រស់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតយូរអង្វែង។

 


បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន ២ ៩៩៥លើក បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១ ៥២៨ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការ ៨៤ករណី ពិន័យអន្តរការណ៍ ២៦ករណី រឹបអូសរណារយន្តបាន ៣៦៤គ្រឿង ចាប់ឃាត់រថយន្ត ៣៤គ្រឿង ដោះអន្ទាក់ដាក់ចាប់សត្វចម្រុះសរុបចំនួន ២ ៩៥៧ខ្សែ និងបានធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ១៤៣នាក់។

 


គួរជម្រាបដែរថា នៅក្នុងខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេចដែនជម្រកសត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសាន និងមានមន្ត្រីឧទ្យានុរក្សកំពុងឈរជើងចំនួន ១០៤នាក់៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ  ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024