ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនជិត ២ពាន់ ទទួលជោគជ័យចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

០៣ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា គិតមកដល់ពេលនេះមានក្រុមហ៊ុនជិត ២ពាន់ហើយ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដោយជោគជ័យ ចាប់តាំងពីដាក់ឲ្យដំណើរការជាផ្លូវការ កាលពីពាក់កណ្តាលខែមិថុនា។

 


ក្រសួង និងស្ថាប័នរដ្ឋយ៉ាងហោច ៦ ត្រូវបានដាក់បញ្ជូលទៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលជាប្រព័ន្ធចុះបញ្ជីថ្មីបំផុត នឹងជួយលើកកម្ពស់ការចុះបញ្ជី និងកាត់បន្ថយអំពើពុករលួយ។

 


តាមការផ្សព្វផ្សាយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ១ពាន់៨៩២ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដោយជោគជ័យគិតត្រឹមថ្ងៃទី ២៨ ខែតុលាកន្លងទៅនេះ។


តួលេខដែលបានចុះផ្សាយក៏បានបញ្ជាក់ទៀតថា ក្នុងពេលជាមួយគ្នាមានក្រុមហ៊ុនជាង ៥រយទៀតបាននឹងកំពុងត្រួតពិនិត្យការចុះបញ្ជី ខណៈក្រុមហ៊ុនដែលត្រៀមបម្រុងទុកដោយជោគជ័យមានរហូតជាង ២ពាន់៦០០ក្រុមហ៊ុន និងបានកំពុងពិនិត្យ ១រយ៧៤ ក្រុមហ៊ុន។

 


សូមជំរាបថា ប្រព័ន្ធចុះបញ្ជីថ្មីនេះនឹងតម្រូវឲ្យក្រុមហ៊ុនបំពេញទម្រង់ចុះបញ្ជីអាជីវកម្មតែ ១ លើកគត់ដោយចំណាយពេលយ៉ាងយូរត្រឹម ៨ ថ្ងៃ និងរាល់ទិន្នន័យរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនឹងបញ្ជូនដោយស្វ័យប្រវត្តិទៅក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រួតពិនិត្យ និងអនុម័ត៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024