ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ការប្រមូលចំណូលពន្ធដារសម្រេចបានជិត២ពាន់លានដុល្លារ កើនជិត១០% នៅ៧ខែឆ្នាំនេះ 

២៤ សីហា ២០២០ | សេដ្ឋកិច្ច

ថ្វីដ្បិតតែបញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដជះឥទ្ធិពលដ៏អាក្រក់មកលើសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ប៉ុន្ដែ យើងក្រឡេកមកមើល ការប្រមូលចំណូលពន្ធ ដោយអគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០នេះ ឃើញថា នៅតែបន្ដកើនមិនមានការស្រុតចុះអ្វីនោះទេ ពោលគឺប្រមូលបានដល់ទៅជាង ១ពាន់៨រយ លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦៦% នៃផែនការប្រចាំឆ្នាំ ហើយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ គឺមានការកើនឡើងប្រមាណ ១៦៥លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,៦%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។


តាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា សម្រាប់ខែកក្កដាកន្លងទៅនេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានជាង១៩៤លានដុល្លារអាមេរិក ស្មើនឹង៦,៨១% ធៀបនឹងខែកក្កដាឆ្នាំ២០១៩ មានការថយចុះប្រមាណ៧,៧១%។


នៅរយៈពេល៧ខែមកនេះ ប្រភពចំណូលពីប្រភេទពន្ធ ២ ប្រភេទនៅតែរក្សាបានកំណើនក្នុងនោះ គឺអាករលើតម្លៃបន្ថែមកើនឡើង៣,១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង២២,៧១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។


បើតាមអគ្គនាយដ្ឋានពន្ធដារ នៅឆ្នាំ២០២០នេះ ស្ថាប័នប្រមូលចំណូលជាតិមួយនេះ មានកាត្វកិច្ចក្នុងការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យបានគ្រប់តាមផែនការក្នុងចំនួនប្រមាណជាង២.៨៨៥ លានដុល្លារអាមេរិក។ 


គួរបញ្ជាក់ដែរថា ក្នុងកាលៈទេសៈកូវីដ-១៩ បាននិងកំពុងបន្ដរាតត្បាតនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ដល់ជុំទី ៥ហើយ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ពន្ធជាច្រើនសម្រាប់អាជីវកម្មដែលរងគ្រោះដោយសារតែបញ្ហាកូវីដ-១៩នេះ ពិសេសរោងចក្រកាត់ដេរ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ជាដើម។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់លើកទឹកចិត្តប្រចាំខែដល់កម្មករនិយោជិតនៅក្នុងវិស័យទាំងនេះ ដែលរងផលប៉ះពាល់ការងារព្រោះតែកូវីដ-១៩ផងដែរ។ 

 


សូមបញ្ជាក់ដែរថា បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើមើលទៅលើប្រាក់ចំណូលដែលរាជរដ្ឋាភិបាលកម្ពុជាប្រមូលបានតាមរយៈអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានរហូតដល់ទៅជិត៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពន្ធដារ នៅ៦ខែដំបូងនៅឆ្នាំនេះ ប្រមូលបានដល់ទៅជិត ១.៧០០ លានដុល្លារអាមេរិក កើនឡើង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ប៉ុន្ដែចំណូលគយវិញ ប្រមូលបានតែជិត ១.៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជាង១៦%។នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ស្ថាប័នទាំងពីរនេះ។ 


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024