ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្ធូរបន្ថយបន្ទុកបំណុលពលរដ្ឋរងគ្រោះទឹកជំនន់ ដូចឆ្នាំកន្លងទៅ

២០ តុលា ២០២០ | សេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាគោលនយោបាយរបស់ខ្លួន ដែលមានស្រាប់កាលពីឆ្នាំកន្លងមក ដើម្បីជួយគាំពារទៅដល់អតិថិជនដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់នៅឆ្នាំនេះ។

 

 

ការបន្ធូរបន្ថយបន្ទុកបំណុលដល់អតិថិជន មានដូចជា ការរៀបចំឥណទានឡើងវិញ ឬក៏ក្នុងករណីមានបញ្ហាធ្ងន់ធ្ងរខ្លាំង ក៏អាចមានគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុខ្លះ ឈានដល់ការលុបបំណុលចោលក៏មានដែរ។


លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពនេះសមាគមមីក្រូហិរញ្ញវត្ថុកំពុងបន្តតាមដានពីផលប៉ះពាល់លើវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ ថាតើនឹងមានប្រជាពលរដ្ឋប៉ុន្មានដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សម្រាប់វិស័យកសិកម្មដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

 


លោក បានឲ្យដឹងថា រហូតមកដល់ពេលនេះគឺនៅមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់បាននៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ គ្រប់គ្រឹះស្ថានធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគឺនៅតែបន្តប្រើប្រាស់គោលនយោបាយឥណទានដែលមានស្រាប់ដើម្បីជួយបន្ធូបន្ថយអតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសាទឹកជំនន់។


ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៃកម្ពុជា និង ជានាយក ប្រតិបត្តិធនាគារអេស៊ីលីដាក៏បានបញ្ជាក់ថា ជាទូទៅធនាគារអេស៊ីលីដា គឺតែងតែអនុវត្តគោលនយោបាយរបស់ខ្លួនដែលមានស្រាប់ដូចឆ្នាំកន្លងទៅដែរ ក្នុងករណីគ្រោះធម្មជាតិដូចជាទឹកជំនន់នេះជាដើម។

 


លោកបណ្ឌិតអ៊ិន ចាន់នី បន្តថា ស្ថិតនៅក្នុងស្ថានភាពនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគឺអនុវត្តដូចវិធានការ ដូចជាវិធានការកូវីដ ១៩ ដែរ តែយ៉ាងណាជារៀងរាល់ឆ្នាំបើមានករណីគ្រោះធម្មជាតិទឹកជំនន់គឺខាងធនាគារ និងហិរញ្ញវត្ថុតែងតែសម្រេចផ្តល់ការអនុគ្រោះតាមភាពជាក់ស្តែង។


បើតាមលោក បណ្ឌិត អ៊ិន ចាន់នី ឥណទានសម្រាប់វិស័យកម្មរបស់ធនាគារអេស៊ីលីមានទំហំប្រមាណ ២០ភាគរយស្មើនឹង៧៩០លានដុល្លារនៃទំហំឥណទានសរុបជាង ៣ពាន់៩០០លានដុល្លារ។


បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា  កាលពីឆ្នាំកន្លងទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយដល់អតិថិជនរបស់ខ្លួនដែលបានរងផលប៉ះពាល់ដល់ដំណាំចន្លោះពី២ពាន់ទៅ១ម៉ឺននាក់ តាមរយៈការរៀបចំឥណទានទឡើងវិញ ឬ ក៏ក្នុងករណីដែលធ្ងន់ធ្ងរខ្លាំងមានគ្រឹះស្ថានខ្លះ ក៏មានរហូតដល់លុបបំណុលចោលក៏មានដែរ។


សូមជម្រាបថា ទិន្នន័យផលប៉ះពាល់ និង ខូចខាតដោយទឹកជំនន់ភ្លៀងឆ្នាំ២០២០ របស់គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា បានបង្ហាញថា ផ្ទៃដីស្រូវលិចទឹករងផលប៉ះពាល់រហូតជាង ២១ម៉ឺនហិកតា ខណៈដំណាំរួមផ្សំផ្សេងៗលិចទឹក មានជិត ៨ម៉ឺនហិកតា កំពុងរងផលប៉ះពាល់៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024