ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងឈានដល់ការចរចាដំណាក់កាលទី៣ហើយ និង គ្រោងបញ្ចប់នៅចុងឆ្នាំនេះ 

១៤ តុលា ២០២០ | សេដ្ឋកិច្ច

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ប្រទេសកូរ៉េខាងត្បូង នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលទើបតែបានចុះហត្ថលេខាជាផ្លូវការកាលពីម្សិលមិញនេះ។

 

បើតាមអ្វីដែល ភាគីកម្ពុជា និងកូរ៉េបានកំណត់ដៅនោះ គឺការចរចាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនេះ នឹងត្រូវបិទបញ្ចប់នៅចុងឆ្នាំ២០២០នេះហើយ។ 


ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជាធ្លាប់បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនេះ នឹងជួយឲ្យកម្ពុជាមានឱកាសកាន់តែប្រសើរជាងមុនក្នុងការនាំចេញផលិតផលសក្ដានុពលរបស់ខ្លួនទៅកាន់ទីផ្សារកូរ៉េ។

 

ក្រសួងសេដ្ឋកិច្ចបន្ថែមថា ក្រៅពីរបាំងពន្ធគយ ត្រូវបានកាត់បន្ថយហើយនោះ វិធានការមិនមែនពន្ធ និងវិធានការដើមកំណើតទំនិញ ក៏ដូចជាបែបបទ និងនីតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

 


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក Yoo Myung-Hee ធ្លាប់បានលើកឡើងថា នៅក្នុងសារព័ត៌មាន ក្នុងស្រុកនៃប្រទេសកូរ៉េថា ប្រទេសកូរ៉េមានក្ដីសោមនស្សយ៉ាងខ្លាំង ក្នុងការបើកឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកម្ពុជា ដែលជាប្រទេសមានកំណើនប្រកបដោយសក្ដានុពល និងជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មថ្មីនៅក្នុងតំបន់អាស៊ាន។

 


ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា គឺលោក Park Heung-Kyeong ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះដែរថា បើនិយាយពីការវិនិយោគនៅកម្ពុជាប្រទេសកូរ៉េ គឺជាប់ចំណាត់ថ្នាក់ទី២ ដែលមានវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយក្នុងនោះ មានក្រុមហ៊ុនកូរ៉េប្រមាណជាង ២០០ ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មយ៉ាងសកម្មនៅក្នុងឧស្សាហកម្មឈានមុខរបស់កម្ពុជា ដូចជា រោងចក្រកាត់ដេរ វិស័យកសិកម្ម និងហិរញ្ញវត្ថុជាដើម។

 


តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឲ្យដឹងថា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានដល់ ១ពាន់លានដុល្លារ កើនឡើង៦% ធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះ កូរ៉េបាននាំចូលមកកាន់កម្ពុជាមានប្រមាណ ៧០០ លានដុល្លារ កើន៥,៥%។

 


ប្រទេសកម្ពុជា គឺជាទិសដៅនាំចេញធំបំផុតទី ៥៨ របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩។ កូរ៉េបាននាំចេញផលិតផលមកកម្ពុជាភាគច្រើនរួមមាន ឡានដឹកទំនិញ, ភេសជ្ជ និងវាយនភណ្ឌ ខណៈដែលនាំចូលពីកម្ពុជាទៅវិញមានដូចជាសម្លៀកបំពាក់ និងស្បែកជើង រួមជាមួយនឹងផលិតផលកសិកម្មមួយចំនួនទៀត។

 


ក្រៅពីកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាហើយនោះ កូរ៉េខាងត្បូងក៏កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងហ្វីលីពីន និងម៉ាឡេស៊ីផងដែរ ខណៈដែលប្រទេសវៀតណាម និងសិង្ហបុរី គឺមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េរួចហើយ។


ដោយឡែក សម្រាប់កម្ពុជាវិញ ក្រៅពីមានកំពុងបន្ដចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងហើយនោះ ក៏កំពុងសិក្សាពីលទ្ធភាពចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាមួយនឹងបណ្ដាប្រទេសមួយចំនួទៀត ដូចជា ឥណ្ឌា ជប៉ុន អូស្ត្រាលី និងប្រទេសប៉ែកអឺរ៉ុបមួយចំនួនទៀតផងដែរ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024