ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំណូលពីវិស័យធានារ៉ាប់រងកើនជាង១២ ភាគរយនៅឆមាសទី១ឆ្នាំ២០២០ 

១១ សីហា ២០២០ | សេដ្ឋកិច្ច

ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលពីក្រុមហ៊ុនដែលជាសមាជិក ៣២ ក្រុមហ៊ុនរបស់សមាគធនារ៉ាប់រងកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងឆមាសទី១ នេះ បុព្វលាបដែលទទួលបានពីវិស័យធានារ៉ាប់រង សរុប១៣៣ លាន ៥សែនដុល្លារអាមេរិក ក្នុងនោះបុព្វលាបធានារ៉ាប់រងទូទៅមានជិត៥៨ លានដុល្លារ កើន ជាង ១៧ភាគរយ បុព្វលាបធានារ៉ាប់រងអាយុជីវិតទទួលបានជាង ៧២លានដុល្លារ កើនជិត ១០ភាគរយ  និងបុព្វលាបធានារ៉ាប់រងខ្នាតតូចវិញទទួលជិត ៣លានដុល្លារ ថយចុះ ១៧ភាគរយ។


ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាតថារូ បញ្ជាក់ថា វិស័យធានារ៉ាប់រងកម្ពុជាមានការកើនឡើងតិចតួចនាពេលនេះដោយសារតែកម្ពុជានៅក្នុងឆ្នាំនេះទទួលរងឥទ្ធិពលនៃការរីរាលដាលជំងឺ កូវីដ ១៩ ដែល ឥទ្ធិពលនេះបានធ្វើសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាសកម្មអាជីវកម្មមួយចំនួននៅបន្តបិទទ្វារ ប៉ុន្តែយ៉ាងណាកំណើននេះនៅតែអាចនិយាយបានល្អសម្រាប់រយៈពេលដើមឆ្នាំ។


លោកបន្ថែមថា ផលប៉ះពាល់ពីកូវីដ ១៩ មកលើវិស័យធានារ៉ាប់រងក្នុងឆមាសទី១ គឺមានឥទ្ធិពលតិចតួចនៅឡើយ ប៉ន្តែយ៉ាងណាធានារ៉ាប់រងអាយុជិវិតដែលកន្លងមកមានកំណើនខ្ពស់រហូត ៣០ទៅ៤០ភាគរយ បានថយចុះកំណើនមកនៅត្រឹមជិត១០ភាគរយប៉ុណ្ណោះ ដោយសារតែក្នុងមួយពេលកូវីដ ១៩ នេះ រាល់ការជួបជុំជាមួយអតិថិជនសក្តានុពលមួយចំនួនត្រូវបានលុបចោល។


លោកបញ្ជាក់ថា កំណើននេះក៏យើងមិនទាន់ច្បាស់ថា វានៅតែបន្តកើនឡើងសម្រាប់ឆមាសទី២ ខាងមុខឡើយ ព្រោះកំណើននៅឆមាសទី១ គឺភាគច្រើនមានមកពីអតិថិជនដែលជាអ្នកទិញធានារ៉ាប់រងចាស់ៗមកបន្តសុពលភាពរបស់ខ្លួនឡើងវិញ ចំណែកអតិថិជនថ្មីឃើញមានចំនួនតិចតួចនោះទេ នេះក៏ដោយសារតែឥទ្ធិពលកូវីដ ១៩ ចាប់ផ្តើមប៉ះពាល់ខ្លាំងលើវិស័យធានារ៉ាប់រងចាប់ពីខែមីនា តមក។


ជាមួយគ្នានេះ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ១៩  បើជំងឺនេះនៅតែបន្តអូសបន្លាយតទៅមុខទៀតនោះ នឹងប៉ះពាល់ខ្លាំងទៅដល់ចំណូល ដែលនឹងធ្វើឲ្យចំណូលធ្លាក់ចុះ ខណៈចំណូលបានមកវីស័យដឹកជញ្ជូន ចំណូលបានមកពីវិស័យអចលនទ្រព្យ និងចំណូលនៃអាជីវកម្មផ្សេងៗកំពុងត្រូវបានធ្លាក់ចុះផងនោះ។

 


បើតាមលោក ហ៊ុយ វ៉ាថារូ ក្នុងចំណោមបុព្វលាបធានារ៉ាប់រងទូទៅដែលមានទឹកប្រាក់ជាង ៥៧លានដុល្លារ គឺត្រូវបានបែងចែក ៦៧ភាគរយលើការផ្តល់សេវាធានារ៉ាប់រងនាវា យន្តហោះ និងដឹកជញ្ជូន និង ២៧ ភាគរយ សេវាវិស្វកម្ម និងជាង៧០ភាគរយផ្សេងទៀត សេវាសុខភាព អគ្គីភ័យ និងយានយន្ត។


សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនដែលជាសមាជិកសមាគម មាន៣២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៣ អាយុជីវិត ១១ ខ្នាតតូច៧ និងធានារ៉ាប់រងបន្ត១ និងបើគិតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះសំណងដែលត្រូវបានសងត្រឡប់សម្រាប់ធានារ៉ាប់រងទូទៅមាន១១ លានដុល្លារ អាយុជីវិតជាង ៣លានដុល្លារ៕


អត្ថបទ៖ ស៊ឺន សុន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024