ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

IMF ព្យាករថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតប្រចាំតំបន់អាស៊ាន

២០ តុលា ២០២០ | សេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ខាងមុខ ត្រូវបានស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា នឹងមានការលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ខណៈដែលនៅឆ្នាំក្រោយនេះ តាមការព្យាកររបស់រូបិយវត្ថុអន្តរជាតិ IMF ដដែល គឺ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតលំដាប់ទី៣ នៅអាស៊ាន តាមពីក្រោយមីយ៉ាន់ម៉ា និង ប្រទេសវៀតណាម។

 


ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) នាពេលថ្មីៗនេះ បានចេញរបាយការណ៍ស្ដីពី ទស្សនវិស័យៈសេដ្ឋកិច្ចពិភពលោក របស់ខ្លួន ដោយក្នុងនោះបានព្យាករពី សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះ ២,៨% សម្រាប់ឆ្នាំ២០២០នេះ ហើយវាជាអត្រាធ្លាក់ចុះមួយខ្លាំងជាងប្រទេសឥណ្ឌូនេស៊ីដែលត្រូវបានព្យាករថា ធ្លាក់ចុះ ១,៥%។

 


ប្រទេសដែលមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងជាងគេនៅក្នុងតំបន់អាស៊ាន នៅចំពេលដែលមានវិបត្តិកូវីដ-១៩ នេះ រួមមាន ហ្វីលីពីន ដែលត្រូវបាន IMF ព្យាករថា នឹងធ្លាក់ចុះសេដ្ឋកិច្ចដល់ទៅ ៨,៣% ប្រទេសថៃ ធ្លាក់ចុះ ៧,១% ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ធ្លាក់ចុះ ៦% ដូចគ្នា។


ជាមួយគ្នានេះដែរ នៅតំបន់អាស៊ាន មានប្រទេសតែ២ ប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០នេះ ក្នុងនោះប្រទេសមីយ៉ាន់ម៉ាវិញ ត្រូវបានព្យាករថា នឹងមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេបំផុតនៅក្នុងឆ្នាំ២០២០នេះ ដោយមាន GDP កើនឡើង ២% និង GDP របស់វៀតណាមកើន ១,៦%។

 


ការព្យាករក្នុងកម្រិតរយៈពេលមធ្យម របស់ IMF បានឲ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានសន្ទុះនាំមុខប្រទេសជាដៃគូផ្សេងៗទៀតនៅក្នុងតំបន់ ដោយត្រូវបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ទៅ ៦,៩% ដែលធ្វើឲ្យកម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់។

 

 


ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះដែរ ប្រទេសអាស៊ានផ្សេងទៀត ដែលមានកំណើនសេដ្ឋកិច្ចយឺតជាងកម្ពុជារួមមាន ប្រទេសវៀតណាម មានកំណើន ៦,៦%, មីយ៉ាន់ម៉ា និងហ្វីលីពីន កើន ៦,៥% ដូចគ្នា, ឡាវកើន ៦,១%, ឥណ្ឌូនេស៊ីកើន ៥,១%, ម៉ាឡេស៊ី កើន៥%), ថៃ កើន៣,៧%, សិង្ហបុរី កើ ២,៥% និងប្រុយណេកើន ១,៨%។


លោកស្រី Gita Gopinath ទីប្រក្សាផ្នែកសេដ្ឋកិច្ច របស់ IMF និងជាប្រធានផ្នែកស្រាវជ្រាវ បាននិយាយថា ការព្យារចុងក្រោយសម្រាប់ឆ្នាំ២០២០ បង្ហាញថា ការព្យាករថ្មីនេះ គឺមិនសូវមានភាពធ្ងន់ធ្ងរទេ បើធៀបនឹងការព្យាកររបស់ IMF កាលពីខែមិថុនាកន្លងទៅ។


សូមបញ្ជាក់ដែរថា ស្របពេលដែល IMF ព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាថានឹងធ្លាក់ចុះដល់ -២,៨% នៅឆ្នាំ២០២០នោះ បើយើងក្រឡេកទៅមើលការព្យាករចុងក្រោយកាលពីខែកញ្ញា របស់ធនាគារពិភពលោកវិញ ឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ -២% ខណៈដែលការព្យាកររបស់ ធនគារ អភិវឌ្ឍន៍អាស៊ី (ADB) ថានឹង -៤%៕

 

 


អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024