ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យ សាទរចំពោះការសម្រេចពន្យារពេលអនុវត្តយកពន្ធចំណេញមូលធន

២៤ តុលា ២០២០ | សេដ្ឋកិច្ច

ក្រុមអ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានសាទរចំពោះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលបានអនុគ្រោះឲ្យមានការពន្យារពេលអនុវត្តការយកពន្ធចំណេញមូលធន ២០% លើការលក់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២១ខាងមុខនេះ។

 

 

ក្រុមអ្នកជំនាញអចលនទ្រព្យអះអាងថា ការសម្រេចពន្យារពេលយកពន្ធចំណេញមូលធននាពេលនេះ វាគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ពិសេសអ្នករកស៊ី នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាជួយធ្វើឲ្យវិស័យនេះ អាចនឹងនៅតែមានកំណើននៅអំឡុងពេលវិបត្តិកូវីដ-១៩នេះផងដែរ។


បើតាមអគ្គនាយកដ្ឋានពន្ធដារ  បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធននេះ រយៈពេល ១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ គឺក្នុងគោលបំណង ទុកពេលវេលាគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ នូវបទប្បញ្ញត្តិស្ដីពីពន្ធលើចំណេញមូលធននេះ។


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា កន្លងមក ខាងវិស័យឯកជន រួមមានសមាគមភ្នាក់ងារអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា, សមាគមលំនៅដ្ឋានកម្ពុជា និងសមាគមអ្នកសាងសង់ជាដើម បានជួបជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីលើកឡើងពីទុក្ខលំបាក និងធ្វើយ៉ាងណាឲ្យរដ្ឋជួយពន្យារអនុវត្តពន្ធចំណេញមូលធននេះសិន។

 

ហើយនៅទីបំផុត រាជរដ្ឋាភិបាលពិតជាបានទទួលយកការសំណូមពររបស់វិស័យឯកជន ដែលវាគឺ ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងជួបបញ្ហាដោយសារតែវិបត្តិកូវីដ-១៩។

 

លោកបន្ថែមទៀតថា ការពន្យារពេលនៃការយកពន្ធចំណេញមូលធននេះ វាក៏នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា អាចនឹងរក្សាបានកំណើនកាន់តែប្រសើរឡើងថែមទៀត។


ជាមួយគ្នានេះ លោក គីម ហ៊ាង ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate ក៏បានសាទរចំពោះការពន្យារពេលយកពន្ធចំណេញមូលធន២០%នេះដែរ ដោយលោកបានលើកឡើងថា ការពន្យារពេល១ឆ្នាំនេះ គឺជាពេលវេលាមួយសមរម្យមួយហើយ បើទោះបីជាកន្លងមក ខាងវិស័យឯកជនស្នើចង់បានឲ្យមានការពន្យារពេលដល់ទៅ២ឆ្នាំក៏ដោយ។

 

ការសម្រេចពន្យារពេលយកពន្ធចំណេញមូលធននេះ វាគឺជាការយល់ទុក្ខធុរៈរបស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ដែលបច្ចុប្បន្ន កំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ផង និងបញ្ហាកូវីដ-១៩ផង។ 


បើតាមក្រុមអ្នកជំនាញ នៅពេលមានការអនុវត្តយកពន្ធចំណេញមូលធននេះ អ្វីដែលទីផ្សារត្រូវប្រឈមនោះ គឺកត្តាតម្លៃ ដោយសារតែអ្នកលក់អចលនវត្ថុ នឹងប្រឹងដំឡើងថ្លៃកាន់តែខ្ពស់ ដើម្បីអាចចំណេញបានច្រើនក្រោយពីត្រូវបង់ពន្ធ។ 


តាមការពន្យល់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ ពន្ធលើចំណេញមូលធននេះ គឺនឹងមានអនុវត្តលើការលក់អចលនវត្ថុ ដោយអចលនវត្ថុ ដែលលក់បាន ត្រូវដកយក ផលចំណេញពីការលក់ មកកាន់ពន្ធ ២០% ឬក៏ត្រូវយកតម្លៃ ២០% នៃតម្លៃលក់អចលនវត្ថុនោះ មកគិតពន្ធ ២០%។

 

ឧទាហរណ៍ ស្រួលយល់ គឺថា បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ ១លានដុល្លារ នោះ នឹងត្រូវយកតម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដូច្នេះ បើអ្នកលក់ផ្ទះនោះ បានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ៤ម៉ឺនដុល្លារ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024