ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅបន្តស្នើសុំចុះបញ្ជីបើទោះវិបត្តិជំងឺសកលនៅបន្ត 

២៥ កញ្ញា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២០ នេះសម្រេចផ្តល់ការចុះបញ្ជីអាជីវកម្មក្រុមហ៊ុនដែលជាភ្នាក់ងារអចលនវត្ថុនៅកម្ពុជាចំនួន ២៦ ក្រុមហ៊ុន ដោយកើនលើសឆ្នាំទៅមិញ ៧ក្រុមហ៊ុន និងបើគិតពីចំនួនក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលក្រសួងបានផ្តល់អាជ្ញាបណ្ណសរុបចំនួន ២២០ ក្រុមហ៊ុន។ ក្នុងនោះ មានក្រុមហ៊ុនដែលបានបិទអាជីវកម្មមានចំនួន ២៨ ក្រុមហ៊ុន និងនៅដំណើរការចំនួន ១៩២ ក្រុមហ៊ុន។

 

 

ជុំវិញទៅនឹងចំនួនក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចុះបញ្ជីថ្មីកើនឡើងនេះ អ្នកជំនាញអចលនទ្រព្យ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា ស្ថិតនៅក្នុងបរិបទនៃវិបត្តិជំងឺសកលនេះ ជាទូទៅគឺក្រុមហ៊ុនអចលនទ្រព្យភាគច្រើនទទួលបានការងារពីអតិថិជនប្រើប្រាស់សេវាកម្មទិញលក់ច្រើន។

 


លោកថា វត្តមាននៃការចុះបញ្ជីក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យនាពេលនេះអាចជាការត្រៀមខ្លួនដើម្បីទទួលបានការរីកចម្រើនបន្ទាប់ពីវិបត្តិកូវីដ ១៩ ផុតរលត់ទៅដែលរំពឹងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងត្រូវការប្រើប្រាស់សេវាកម្មអចលនទ្រព្យពីសំណាក់ភ្នាក់កាន់តែច្រើនជាងពេលបច្ចុប្បន្ន។


លោកសុខនីមបន្តអះអាថា ដោយសាតែទីផ្សារអចលនទ្រព្យប្រឈមនឹងបញ្ហាកូវីដ ១៩ នេះដែរ បានជាមានលក្ខខ័ណ្ឌចាំបាច់មួយចំនួនក៏ត្រូវឲ្យមានការប្រើប្រាស់សេវាកម្មភ្នាក់ងារនេះច្រើនដូចគ្នា ហើយក្នុងអំឡុងពេលនេះក៏បានធ្វើឲ្យក្រុមហ៊ុនដែលជាភ្នាក់ងារនេះ ត្រូវបានគេប្រើប្រាស់និងឲ្យតម្លៃច្រើនទៅតាមនោះដែរ។


បើតាមអ្នកជំនាញ បានអះអាថា រហូតមកដល់ពេលបច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបង្កជាបញ្ហធំបំផុតចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា ខណៈការដោះដូរអចលនទ្រព្យភាគច្រើនពេលនេះអាចធ្វើបាន មានត្រឹមតែជាអតិថិជនក្នុងស្រុកប៉ុណ្ណោះដែលនិយាយបានថា សកម្មភាពដោះដូរនេះនឹងកាន់តែថមថយ ឬនិយាយមួយបែបទៀត អាចនឹងផុតដង្ហើមនៅពេលណាមួយក៏ថាបាន។


តាមការគូសបញ្ជាក់របស់អ្នកជំនាញផ្នែកអចលនទ្រព្យ សកម្មភាពដោះដូរអាលនទ្រព្យដែលសកម្មខ្លាំងពេលនេះមានតែនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសក្តានុពលតំបន់ទេសចរណ៍ប៉ុណ្ណោះ។ ដោយឡែក នៅបណ្តាខេត្តក្រៅពីនោះគឺស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់៕

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024