ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្ហាញពីផែនការចូលផ្សារមូលបត្រកម្ពុជានៅពេលខាងមុខ

២០ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងមានក្រុមហ៊ុនវិនិយោគជាង ១៦០ក្រុមហ៊ុននោះ បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការចុះបញ្ជីចូលក្នុងផ្សារមូលបត្រកម្ពុជា នៅពេលខាងមុខ ហើយបន្ទាប់មកទៀត ក្រុមហ៊ុនក៏មានមហិច្ឆតានឹងបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារភាគហ៊ុនហុងកុងផងដែរ។

 

នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់តំបន់សេដ្ឋកិច្ចពិសេសនេះ។


ថ្លែងនៅក្នុងជំនួបជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីពេលថ្មីៗនេះ លោក ជិន ជាំងកាំង ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក៏កំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុននៅកម្ពុជាផងដែរ ក្នុងគោលបំណងទាក់ទាញការវិនិយោគអន្ដរជាតិ ជា ពិសេសនៅតំបន់អឺរ៉ុប និងអាមេរិក លើសពីនេះទៀត ក្រុមហ៊ុនក៏មានគោលដៅ នឹងបន្ដបញ្ជីក្នុងទីផ្សារភាគហ៊ុន នៅហុងកុងផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់អំពីគម្រោងបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជានេះនៅឡើយទេ។ 


ទោះយ៉ាងណា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងគាំទ្រចំពោះគោលបំណងបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជារបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ហើយឯកឧត្តម ជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងកាន់តែមានការអភិវឌ្ឍខ្លាំងក្លាថែមទៀតនាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រនៅកម្ពុជា និងនៅហុងកុង។


បើតាមឯកឧត្តម ហោ ណាំហុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិនឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។


គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅតែបង្ហាញពីកំណើននៃការនាំចេញនាំចូលរបស់ខ្លួនបានល្អ បើទោះបីជារយៈពេលកន្លងមកនេះ បញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដវាយប្រហារមកលើសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពិភពលោកយ៉ាងណាក្ដី។ ជាក់ស្ដែង នៅរយៈពេល ១០ ខែឆ្នាំ២០២០នេះ ការនាំចេញ នាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសម្រេចបានដល់ទៅ ១.៣០០ លានដុល្លារអាមេរិក កើនឡើងជាង៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខដែលបង្ហាញដោយតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។

 


បច្ចុប្បន្ន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារចំនួន ៣ម៉ឺនកន្លែង។ ក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំ២០២០ បរិមាណកុងតឺន័រនាំចេញនិងនាំចូល របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសរុបមានចំនួន ជាង ៣ម៉ឺន ៦ពាន់ កុងតឺន័រ បានកើនឡើងជិត ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024