ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

មេពន្ធដារថា រដ្ឋ នៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់

០៦ តុលា ២០២០ | សេដ្ឋកិច្ច

មេពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្លី ដែលទុកទំនេរចោល មិនបានប្រើប្រាស់រាប់ទាំងដីធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម។


ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាប់ប្រាប់ ភីអិនអិនថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ហើយការកែទម្រង់នៅក្នុងវិស័យដីធ្លីនេះគឺចាំបាច់ត្រូវតែមាន ដោយនឹងរៀបចំឲ្យមានគម្រោងប្លង់មេត្រឹមត្រូវចំពោះដីធ្លី ដែលទុកទំនេរមិនបានប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាទាញយកប្រភពចំណូលបន្ថែមគាំទ្រដល់កំណើនសេដ្ឋកិច្ច។


យ៉ាងណាឯកឧត្តមប្រតិភូរាជដ្ឋាភិបាលទទួលស្គាល់ថា ការអនុវត្តការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះកន្លងមក គឺមិនសូវទទួលបានភាពជោគជ័យប៉ុន្មាននោះទេ ដោយសារតែការចុះបញ្ជីដីធ្លីមិនទាន់ស្ថិតនៅក្នុងប្រព័ន្ធនៅឡើយ ដែលជាហេតុធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិបាកស្វែងរកម្ចាស់ដើម្បីមកបង់ពន្ធណាស់ ប៉ុន្តែពន្ធដារអាចប្រមូលយកពន្ធប្រភេទនេះបាន ទាល់តែដីដែលទំនេរនេះមានការដោះដូរម្ចាស់ថ្មីតែប៉ុណ្ណោះ។


ឯកឧត្តមគង់ វិបុលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររួចហើយ បានកំណត់យកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់នេះ តាំងពីឆ្នាំ ២០០៦មកម្លេះ ប៉ុន្តែយ៉ាងណាការកែទម្រង់នៅក្នុងវិស័យដីធ្លី គឺចាំបាច់ត្រូវតែមានផងដែរ សម្រាប់ពេលបច្ចុប្បន្ន៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024