ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

អ្នកជំនាញអចលនទ្រព្យរំពឹងទាក់បានការវិនិយោគកាន់តែច្រើន ក្រោយពីច្បាប់វិនិយោគថ្មីប្រកាសជាធរមាន

១២ កក្កដា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញអចលនទ្រព្យរំពឹងទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀតលើគ្រប់វិស័យ ពិសេសគឺវិស័យអលនទ្រព្យតែម្តង។ លោកច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីច្បាប់វិនិយោគថ្មីត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការហើយក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៩ កក្កដានេះ ជាការរំពឹងនឹងមានកំណើននៃការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត បើទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាកូវីដ ១៩ ក៏ដោយ។


លោកច្រឹក សុខនីមអះអាងបន្តថា ច្បាប់ថ្មីនេះត្រូវបានកែសម្រួលបញ្ហាស្មុគស្មាញចំពោះវិនិយោគិនច្រើន រាប់ទាំងសម្ភារៈនាំចូលគាំទ្រដល់ការវិនិយោគមិនត្រូវបានគិតពន្ធអាករពិសេសទៀតនោះឡើយ ពោលគឺរាល់គម្រោងដែលបានស្នើសុំវិនិយោគក៏ត្រូវបានសម្រួលជាកញ្ចប់ពិសេសតែម្តង។

 

ជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃសុក្រ ទី ៩ ខែកក្កដា ឆ្នាំ ២០២១ សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សម្តេចមានប្រសាសន៍បន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ។

 

ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់នេះឡើងក្នុងន័យបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា ដូចជាការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី ៣១ថ្ងៃនៃ ថ្ងៃធ្វើការមកត្រឹម ២០ថ្ងៃនៃថ្ងៃធ្វើការតាមរយៈការលុបបំបាត់ វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌនិង វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដោយជំនួសមកវិញនូវ ការចេញ វិញ្ញា បនបត្រចុះបញ្ជី តែមួយគត់ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានផងដែរតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ។

 


ឯកឧត្តមបន្តថា ច្បាប់វិនិយោគថ្មីនេះបានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធដែលមានភាពច្បាស់លាស់ មុតស្រួច ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបានទៅលើវិស័យដែល រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ មានតម្លៃបន្ថែមខ្ពស់ បង្កើនតភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់និងសកល។

 


នៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក។

 


ជុំវិញនឹងការវិនិយោគនៅកម្ពុជានេះដែរ លោកច្រឹក សុខនីមបានគូសបញ្ជាក់ឲ្យដឹងទៀតថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២១ នេះមិនទាន់មានសន្ទុះនៃការវិនិយោគខ្លាំងក្លានៅឡើយទេ ធៀបនឹងឆ្នាំ២០២០ កន្លងមក ប៉ុន្តែបញ្ហាប្រឈមនៃជំងឺកូវីដ ១៩ ក៏មិនបានទាញទម្លាក់កម្មភាពវិនិយោគខ្លាំងក្លានោះដែរ។

 


ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានគូសបញ្ជាក់ថា ការកែប្រែនូវច្បាប់វិនិយោគថ្មីនេះគឺដើរស្របទៅនឹងស្ថានការណ៍សេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្ន ដែលអាចនិយាយបានថា ជាការគិតគូរ មួយដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងដំណើរការសម្រួចគោលនយោបាយវិនិយោគកាន់តែមុតស្រួចជាងមុន ដើម្បីបង្កើនទាក់ទាញការវិនិយោគបន្ថែម៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាពឯកសា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024