ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

អ្នកជំនាញថា ឆ្នាំ២០២១នេះ វិនិយោគិនគួរសំឡឹងពី ការវិនិយោគអចលនទ្រព្យនៅ ជាយរាជធានីខេត្តក្រុង ជាជាងតំបន់ផ្សេង

២២ មករា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ ២០២១នេះ ជាដំណាក់កាលដែលអ្នកវិនិយោគត្រូវគិតពីការវិនិយោគ នៅតាមតំបន់ជាយៗរាជធានីខេត្ត-ក្រុង ដែលកំពុងតែមានសក្តានុពលលើវិស័យទេសចរណ៍។

 


លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានអះអាងថា នៅឆ្នាំ២០២១ នេះគឺជាឆ្នាំដែលអ្នកវិនិយោគត្រូវគិតអំពីការវិនិយោគអលនទ្រព្យនៅតាមតំបន់ជាយៗរាជធានី ខេត្ត ក្រុង ខណៈមើលឃើញថា តំបន់ទាំងអស់នេះនឹងទទួលបានផលប្រយោជន៍ត្រឡប់មកវិញក្នុងកម្រិតមួយខ្ពស់សម្រាប់រយៈពេល១ឆ្នាំ ទៅ២ឆ្នាំ គឺជាប្រភេទអចលនទ្រព្យដែលមានការតភ្ជាប់ផ្លូវសំខាន់ពីរាជធានីទៅកាន់ខេត្តទាំងនោះ។

 

 

លោកបញ្ជាក់ថា អចលនទ្រព្យស្ថិតក្នុងខេត្តដែលជាឱកាសសម្រាប់ការវិនិយោគទទួលអត្ថប្រយោជន៍ខ្ពស់នាពេលនេះគឺអចលនទ្រព្យស្ថិតខេត្តព្រះសីហនុ ខេត្តកំពត កែប និងខេត្តសៀមរាបជាដើម។

 

 

លោកថា ក្នុងពេលនេះ អ្នកវិនិយោគិនគួរតែពិនិត្យមើលអំពីលទ្ធភាពដែលអាចសិក្សាសម្រាប់ការវិនិយោគ ក្នុងតំបន់ទាំងអស់នេះ ជាជាងការវិនិយោគនៅតំបន់ផ្សេង។

 


លោកបន្តថា វិស័យអលនទ្រព្យ ក្នុង១រយៈពេលចុងក្រោយនេះនៅតែដំណើរការល្អជាធម្មតាបើទោះបីមានការគំរាមកំហែងពីជំងឺកូវីដ ១៩ ក៏ដោយ តែអ្នកវិនិយោគនៅតែបន្តការវិនិយោគលើវិស័យដីធ្លីមួយនេះដដែល ពិសេសគឺអ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមដើរទិញអចលនទ្រព្យជាបណ្តើរៗ ឲ្យតែពួកគាត់ដឹងច្បាស់ថា ជាគម្រោងថ្មីៗ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ជាយៗ គឺពួកគាត់នៅតែបន្តទិញ លក់ ជាហូរហែរ ជាមួយនឹងអ្នកជំនាញ។

 


ជាមួយគ្នានេះ លោក ប៉ូ អាវគង់ នាយកប្រតិបត្តិអលនទ្រព្យ អែតវ៉ាន់ រៀលអេស្ទេតបានគូសបញ្ជាក់ថា វិស័យអលនទ្រព្យនៅក្នុងឆ្នាំ២០២១ ឃើញមានចំនុចវិជ្ជមានច្រើនជាងឆ្នាំ២០២០ រួមទាំងវិស័យផ្សេងៗទៀតផងដែរ ដោយហេតុថា បច្ចុប្បន្នយើងអាចគ្រប់គ្រងបាននូវការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឲ្យអាជីវកម្មមួយចំនួនបានចាប់ផ្តើមផលរបររបស់ឡើងវិញបានជាបណ្តើរៗហើយដែរ ដូច្នេះលំហូរចន្តរសេដ្ឋកិច្ច រួមទាំងអាជីវកម្មផ្សេងៗក៏ចាប់ផ្តើមដំណើរការឡើងវិញ ដែលជាហេតុជំរុញឲ្យវិស័យអចលនទ្រព្យល្អជាងឆ្នាំ២០២០។


យ៉ាងណាបើតាមអ្នកជំនាញ ក្នុងអំឡុងពេលនេះតម្លៃដីធ្លីនៅរក្សាលំនឹងល្អដោយពុំមានការធ្លាក់ចុះ ឬកើនឡើងតម្លៃនោះឡើយ៕

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024