ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

GMAC អះអាងថា ការបើកឲ្យមានការនាំចេញម៉ាស់គ្រប់ប្រភេទ ពីសំណាក់រាជរដ្ឋាភិបាល អាចនឹងទាក់ទាញអ្នកវិនិយោគថ្មីៗ

០៦ ឧសភា ២០២០ | សេដ្ឋកិច្ច

នៅក្នុងលិខិតមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានធ្វើឡើងនៅថ្ងៃទី ០៤ ខែឧសភា បានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្ដុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស់ ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេស អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចដកបម្រាមបណ្ដោះអាសន្ននៃការតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាស់គ្រប់ប្រភេទ។ មានន័យថា រោងចក្រដែលផលិតម៉ាស់ទាំងអស់អាចនាំចេញ ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។


លោក គេន លូ ដែលជាអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការផលិតម៉ាស់នេះ មិនមែនចេះតែងាយដេរផលិតបាននោះទេ វាមានវត្ថុធាតុដើមខុសគ្នា ម៉ាស៊ីដេរក៏ខុសគ្នាដែរ ដូច្នេះហើយទើបបានជាសមាគមស្នើទៅដល់រាជរដ្ឋាភិបាល ឲ្យបើកការនាំចេញម៉ាស់ ដើម្បីប្រាប់ទៅកាន់អ្នកវិនិយោគថ្មីៗ ឲ្យមើលឃើញឱកាសវិនិយោគរោងចក្រផលិតម៉ាស់នៅកម្ពុជា ហើយវាក៏ជាការលើកទឹកចិត្តឲ្យរោងចក្រក្នុងស្រុក ងាកមកផលិតម៉ាស់ជំនួសផលិតផលផ្សេងទៀតផងដែរ។


ទោះយ៉ាងណា លោក គេ លូ គូសបញ្ជាក់ថា មានរោងចក្រក្នុងស្រុកតិចតួចប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ បានចាប់អារម្មណ៍ងាកមករកការផលិតម៉ាស់នេះ ព្រោះពួកគេចាំបាច់ត្រូវចំណាយលើការទិញម៉ាស៊ីនថ្មី និងនាំចូលវត្ថុធាតុដើមថ្មី។ ប៉ុន្ដែអ្វីដែលសំខាន់នោះ សួរថា តើបើមានរោងចក្រ ផលិតម៉ាស់ច្រើននោះ នឹងម៉ាស់ដែលផលិតបាននឹងត្រូវលក់ទៅឯណា? ហើយការផលិតបានយូរអង្វែងដែរ ឬក៏អត់? ទាំងនេះ គឺជាអ្វីដែលលោក គេន លូ អះអាងថា អ្នកវិនិយោគតែងមានការគិតគូរមុននឹងសម្រេចចិត្តវិនិយោគ។
នៅពេលដែលត្រូវបានសួរថា តើបើរោងចក្រផលិតម៉ាស់ច្រើន វាអាចជួយដល់ការងារកម្មករកាត់ដេរបានកម្រិតណា? អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរបានអះអាង ជាទូទៅរោងចក្រផលិតម៉ាស់មិនសូវត្រូវការកម្លាំងពលកម្មច្រើននោះទេ ព្រោះការផលិតធ្វើឡើងតាមម៉ាស៊ីនស្វ័យប្រវត្តិ។

 


បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា មកទល់ពេលនេះ មានរោងចក្រចំនួនជាង ១៨០ រោងចក្រហើយ ដែលព្យួរប្រតិបត្តិការ និងមាន៦០រោងចក្រទៀតបានដាក់ពាក្យស្នើសុំព្យួរ ប៉ុន្ដែកំពុងរង់ចាំការអនុញ្ញាតពីក្រសួងការងារ។
បើតាមសមាគមរោងចក្រកាត់ដេរបានបញ្ជាក់ទៀតថា ដោយសារតែរោងចក្រព្យួរប្រតិបត្តិការនេះ នៅពេលឆាប់នេះ នឹងមានកម្មករនិយោជិតប្រមាណជិត ២០ម៉ឺននាក់ នឹងត្រូវព្យួរការងារ ដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករនោះទេ ប៉ុន្ដែ ថែមទាំងសមាជិកគ្រួសារប្រមាណ ២លាននាក់ ដែលពឹងផ្អែកលើពួកគេផងដែរ។


ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា ក៏នៅតែទទូចអំពាវនាវជាថ្មីទៀត ទៅកាន់អ្នកបញ្ជាទិញទាំងអស់ ឲ្យគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញដែលបានទទួលរួចហើយ និងទំនិញដែលកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញទាំងនោះ។


បើតាមលោក គេន លូ មកទល់ពេលនេះ មានអ្នកបញ្ជាទិញតិចតួចប៉ុណ្ណោះ ដែលបានទូទាត់ប្រាក់ជាមួយរោងចក្រនៅកម្ពុជា ខណៈដែលនៅដល់ភាគច្រើនមិនព្រមគោរពតាមកិច្ចសន្យាទូទាត់នោះទេ៕

អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024