ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ធនាគារអេស៊ីលីដា ប្រកាសចុះបញ្ជីភាគហ៊ុនផ្លូវការ លើផ្សារមូលបត្រកម្ពុជា

០៤ ឧសភា ២០២០ | សេដ្ឋកិច្ច

វត្តមានរបស់ ធនាគារអេស៊ីលីដា ត្រូវបានអ្នកជំនាញជាច្រើន ក៏ដូចជាថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា  អះអាងថា នឹងធ្វើឲ្យទីផ្សារមូលបត្រកម្ពុជា ពិសេសទីផ្សារភាគហ៊ុន ស្ទុះកាន់តែខ្លាំងក្លាថែមទៀត។​

 

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ធនាគារដ៏ធំមួយនេះ គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការ លើផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០ នេះ។ គម្រោងនេះនឹងធ្វើ​ឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរ ភាគហ៊ុនជាសាធារណៈនៅកម្ពុជា។

 

 

ធនាគារអេស៊ីលីដា ទើបបានសម្រេចបិទបញ្ចប់ការធ្វើបរិវិសកម្ម នៃដំណើរការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនរួចរាល់ហើយ កាលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០។ ជាលទ្ធផលនៃការធ្វើបរិវិសកម្មនេះ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ក៏ដោយ  ក៏ធនាគារត្រូវបានបញ្ជាក់ថា នៅតែទទួលបានវិនិយោគិនក្នុងរង្វង់ប្រមាណ ២.៥០០នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្មនេះ។

 

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ។

 

តម្លៃភាគហ៊ុនចុងក្រោយ របស់ធនាគារអេស៊ីលីដា ត្រូវបានកំណត់ និងអនុម័ត ដោយគណៈកម្មការមូលបត្រកម្ពុជា គឺមានតម្លៃ ១៦.២០០រៀល ក្នុងមួយភាគហ៊ុន។ ផែនការធនាគារនេះនឹងបោះផ្សាយលក់ភាគហ៊ុនថ្មី ចំនួន ជាង ៨,៧ លានហ៊ុន ខណៈដែលភាគហ៊ុនដែលមានស្រាប់ គឺមានជាង ១៣ លានភាគហ៊ុន។

 

សូមបញ្ជាក់ថា បើតាមរបាយការណ៍ពីផ្សារមូលបត្រកម្ពុជា គិតមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា សរុបមានចំនួន ១០ក្រុមហ៊ុន ដោយក្នុងនោះមាន ៥ លក់មូលបត្រកម្មសិទ្ធិ និងមាន ៥ក្រុមហ៊ុនទៀត លក់មូលបត្របំណុល ដោយក្រុមហ៊ុនទាំងអស់ប្រមូលទុនសរុបបាន ១៩១លានដុល្លារអាមេរិក។

 

អត្ថបទ៖ ចាន់ ភារម្យ 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024