ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សម្ព័ន្ធសហគ្រាសធនតូច និងធម្យមកម្ពុជាប្រកាសចូលរួមជាមួយរដ្ឋាភិបាលផ្សព្វផ្សាយពីគម្រោងកម្ចី 

០៧ ឧសភា ២០២០ | សេដ្ឋកិច្ច

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធន់តូច និងមធ្យមកម្ពុជាបានឲ្យដឹងថា នៅថ្ងៃ ទី ៧ ឧសភា  ក្នុងសន្និសិទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តីលោកឧកញ៉ានឹងលើកឡើងអំពីផលប៉ះមួយចំនួននៃជំងឺកូវីដ ១៩ មកលើសហគ្រាសធនតូច និងមធ្យមកម្ពុជា រួមទាំងផ្សព្វផ្សាយផងដែរ អំពី គម្រោង ឥណទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមរបស់រដ្ឋាភិបាលទៅដល់សហគ្រាសធនតូច និងមធ្យមរបស់ខ្លួន ដើម្បីទទួលឥណទានផងដែរ។


លោកឧកញ៉ាបញ្ជាក់ថា ខ្ញុំនឹងប្រកាសអំពីគម្រោងឥណទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមទៅសមាជិកទាំង២៥ខេត្តក្រុងឲ្យទទួលបានព័ត៌មានកាន់តែលំអិតថែមទៀតពីគម្រោងនេះ ពិសេសគឺផ្នែកកម្មន្តសាល និងសិប្បកម្ម ដែលកំពុងតែមានតម្រូវការទុនបន្ថែមជាខ្លាំង ដើម្បីយកទៅពង្រីកអាជីវកម្មសម្រាប់ជំនួសការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក។


លោកឧកញ៉ាបន្តថា ភាគច្រើននៃសហគ្រាសផលិតក្នុងស្រុកតែងត្អូញត្អែថា ជួបបញ្ហាកង្វះដើមទុនច្រើន ប៉ុន្តែពេលមិនទាន់មានតួលេខជាក់លាក់នៃសហគ្រាសទៅដាក់ពាក្យស្នើសុំកម្ចីពីគម្រោងនេះនៅឡើយ ប៉ុន្តែសង្ឃឹមថាសហគ្រាសដែលជាសមាជិកអាចនឹងអាចមានលទ្ធភាពទទួលបានកម្ចីពីគម្រោងនេះយកទៅប្រើប្រាស់បានច្រើន។

 


សូមជម្រាបថា មូលនិធិក្រោមគម្រោងឥណទាននេះមានទំហំទឹកប្រាក់ ១០០លានដុល្លារ បានក្រាសដាក់ឲ្យដំណើរការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាំងពីដើមខែមេសា ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៣៣ ក្នុងនោះធនាគារពាណិជ្ជចំនួន២៣ ធនាគារឯកទេស ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ២។


លក្ខខ័ណ្ឌនៃឥណទានក្រោមគម្រោងនេះបញ្ជាក់ថា ឥណទានសម្រាប់ប្រើជាទុនបង្វិលមានទំហំអតិបរមា ២០ម៉ឺនដុល្លារ ឬសម្រាប់ប្រើចំណាយមូលធន់មានទំហំ ៣០ម៉ឺនដុល្លារ ជាមួយនឹងអត្រាកាប្រាក់ប្រចាំឆ្នាំអតិបរមា ៧ភាគរយ និងរយៈពេលកម្ចីមិនលើស៤ឆ្នាំ។


ប៉ុន្តែយ៉ាងណាបើតាមបុគ្គលិករបស់ធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជា លោក អេង តុងងី បញ្ជាក់ថា គិតមកដល់ពេលនេះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាមិនទាន់ទទួលបានការស្នើសុំកម្ចីណាមួយពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូចូលរួមទាំងចំនួន ៣៣នោះទេ ប៉ុន្តែទទួលដំណឹងថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះកំពុងធ្វើការងារជាមួយសហគ្រាសបានខ្លះៗហើយ៕

 

អត្ថបទ ស៊ឺន សុន 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024