ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

វិស័យធានារ៉ាប់រងកម្ពុជាចាប់ផ្តើមរងឥទ្ធិពលកូវីដ១៩ ត្រឹមខែមេសា 

៣០ មេសា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា បីខែដំបូងដើមឆ្នាំ២០២០ នេះ ទាំងធនារ៉ាប់រងទូទៅ និង ធនារ៉ាប់រងអាយុជីវិត នៅតែរក្សាបានកំណើនល្អដដែល។ បុព្វលាបសរុបរបស់ធានារ៉ាប់រងទូទៅមានចំនួនប្រមាណ៤២.៨ លានដុល្លារអាមេរិក កើនឡើងជាង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

 

ដោយឡែកចំពោះធានារ៉ាប់រងអាយុជីវិតវិញក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះបុព្វលាបសរុបមានប្រមាណ ៣៧.៦លានដុល្លារ ដោយកើនឡើងជាង ១៨ភាគរយផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់ពីត្រីមាសទី២ តទៅ វិស័យនេះ នឹងរងនូវឥទ្ធិពលនៃការរីរាលដាលជំងឺ កូវីដ ១៩ ខណៈសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្នមិនមានភាពល្អប្រសើរដូចមុន ធ្វើឲ្យអាជីវកម្មមួយចំនួននៅបន្តបិទទ្វានៅឡើយ។ 

 

លោក ហ៊ុយ វ៉ាតថារូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានអះអាងថា កំណើននេះយើងមិនទាន់ច្បាស់ថា វានៅតែបន្តកើនឡើងសម្រាប់ត្រីមាសទី២ ខាងមុខឡើយ ព្រោះកំណើននៅត្រីមាសទី១ គឺភាគច្រើនមានមកពីអតិថិជនដែលជាអ្នកទិញធានារ៉ាប់រងចាស់ៗមកបន្តសុពលភាពរបស់ខ្លួនឡើងវិញ។  ចំណែកអតិថិជនថ្មី មានតិចតួចនោះទេ នេះក៏ដោយសារតែឥទ្ធិពលកូវីដ ១៩ ចាប់ផ្តើមប៉ះពាល់ខ្លាំងលើវិស័យធានារ៉ាប់រង ចាប់ពីខែមីនា រហូតមកដល់ពេលនេះ ។

 


លោក ហ៊ុយ វ៉ាថារ៉ូ (រូបភាព៖ IAC)

 

លោកព្យាករណ៍ថា វិស័យធានារ៉ាប់រងនៅឆ្នាំ២០២០នេះ ចៀសមិនផុតបានឡើយ ពីឥទ្ធិពលកូវីដ ១៩ ហើយបើស្ថានភាពនៅតែបន្តដូចបច្ចុប្បន្ នគឺនៅត្រីមាសទី២ ខាងមុខ ក៏វានឹងទទួលរងផលប៉ះពាល់អវិជ្ជមានដែរ។ រងប៉ះពាល់នេះ ក៏ដោយសារតែសកម្មភាពសេដ្ឋកិច្ច ការធ្វើអាជីវកម្ម ទាំងឡាយត្រូវរាំងខ្ទប់។ លោកថា សកម្មភាពលក់សេវាកម្មរបស់ភ្នាក់ងារនៅក្នុងវិស័យធានារ៉ាប់រងក៏មិនអាចទៅជួបនឹងអតិថជនបានដូចមុន ដោយសាតែការគោរពតាមវិធានការរបស់រដ្ឋាភិបាល រក្សាគលាតឲ្យនៅឆ្ងាយពីគ្នា និងមិនអាចជួបជាសាធារណៈបាន។ ពិសេសជាងនេះទៅទៀត សម្មកភាពអាជីវកម្មក៏មានការថមថយ ដែលធ្វើឲ្យប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះ ហើយសកម្មភាពផលិតកម្មផ្សេងៗនៃឧស្សាហកម្មរោងចក្រ សហគ្រាសក៏មានការថយចុះ ដែលការថមថយនៃសកម្មភាពទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យធានារ៉ាប់រងនៅកម្ពុជាយើងដែរ។


ជាមួយគ្នានេះ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ១៩  បើជំងឺនេះនៅតែបន្តអូសបន្លាយតទៅមុខទៀតនោះ នឹងប៉ះពាល់ខ្លាំងទៅដល់ចំណូល ដែលនឹងធ្វើឲ្យចំណូលធ្លាក់ចុះ ខណៈចំណូលបានមកវីស័យដឹកជញ្ជូន ចំណូលបានមកពីវិស័យអចលនទ្រព្យ និងចំណូលនៃអាជីវកម្មផ្សេងៗកំពុងត្រូវបានធ្លាក់ចុះផងនោះ។

 

 

លោកបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅឆ្នាំ២០២០ នេះ នឹងពុំមានកំណើននោះទេ ព្រោះតែឥទ្ធិពលជំងឺកូវីដ ១៩ នេះ ប៉ុន្តែយ៉ាងណានៅរយៈពេល៤ ខែដំបូងក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ ទទួលបានបុព្វលាបសរុប ជាង ១៧លានដុល្លារ កើនឡើង ២០ភាគរយ។

 

គួបញ្ជាក់ថា បើតាមប្រធានសមាគមធានារ៉ាប់រងកម្ពុជា សម្រាប់ត្រីមាសទី ១ ឆ្នាំ២០២០ នេះ ប្រាក់សំណងដែលបានទូទាត់ឲ្យអតិថិជននៅក្នុងវិស័យធានារ៉ាប់រងទូទៅសរុបជិត ៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើងប្រមាណ ៣៧ភាគរយ៕

 

អត្ថបទ៖ ស៊ឺន សុន 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024