ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ឧស្សាហកម្មផលិតកែច្នៃក្នុងស្រុក បានបង្ហាញពីសញ្ញាល្អឡើងវិញ បន្ទាប់ពីមេរោគកូវីដ១៩ គ្មានការរាតត្បាតកើនឡើង

០៧ ឧសភា ២០២០ | សេដ្ឋកិច្ច

ឧស្សាហកម្មកែច្នៃផលិតផលក្នុងស្រុក នៅដើមខែ ឧសភា នេះបានបង្ហាញពីសញ្ញាល្អឡើងវិញទាំងការផលិត និងកែច្នៃ សម្រាប់ផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារ ចាប់ផ្តើមប្រសើរឡើងវិញជាបណ្តើរៗហើយ ខណៈការផលិតកន្លងមក ត្រូវបានកាត់បន្ថយកាលពីពេលវិបត្តិកូវីដ ១៩ ផ្ទុះរីករាលដាលខ្លាំងនៅមុនកំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

 

លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា ក្រោយពីចូលឆ្នាំខ្មែររួចហើយ រហូតមកដល់ដើមខែឧសភានេះដំណើរការផលិតនៅក្នុងសហគ្រាសផលិតនំស្រួយលីលី គឺបានចាប់ផ្តើមប្រសើរឡើងវិញ ទាំងការលក់ចេញនូវផលិតផលទាំងនោះក៏បានកើនឡើងដែរ ប៉ុន្តែយ៉ាងណាក៏ពុំទាន់ប្រសើរខ្លាំងដូចទៅនឹងមុនពេលវិបត្តិនៃជំងឺកូវីដ១៩ នោះទេ។


លោកជំទាវបញ្ជាក់ថា នៅមុនពេលចូលឆ្នាំជាកំឡុងពេលវិបត្តិកូវីដ ១៩ផ្ទុះខ្លាំងធ្វើឲ្យការលក់ធ្លាក់ចុះជាខ្លាំងមកនៅត្រឹមកម្រិត៣០ភាគរយ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩នេះមិនមានការវិវត្តកើនឡើងគិតមកដល់ដើមខែឧសភានេះការលក់ផលិតផលនំស្រួយលីលីអាចលក់បានកើនឡើងក្នុងកម្រិត៨០ភាគរយវិញ ប៉ុន្តែនៅតិចនៅឡើយ ធៀបនឹងពេលមិនទាន់មានវិបត្តិកើតឡើង។

 


លោកជំទាវបន្តថា ឧស្សាហកម្មផលិតផលចំណីអាហារនេះគឺមិនជារងផលប៉ះពាល់ខ្លាំងប៉ុន្មាននោះទេ ព្រោះជាទូទៅផលិតផលចំណីអាហារបែបនេះគឺនៅតែមានតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក ប៉ុន្តែយ៉ាងណាទីផ្សារខាងក្រៅនៅពេលនេះមិនទាន់មានការបញ្ជារទិញឲ្យបានច្រើននៅឡើយទេ។


លោកជំទាវបន្ថែមថា សហគ្រាសធន់តូច និងធម្យមកម្ពុជានៅតែជួបបញ្ហាប្រឈមមួយផងដែរគឺបញ្ហាទីផ្សារ ហើយប្រសិនបើវិបត្តិកូវីដ ១៩ នៅកម្ពុជាបានធូស្រាល និងស្ងប់ស្ងាត់ទៅវិញរំពឹងថា ការនាំចូលទំនិញពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ នោះសហគ្រាសផលិតក្នុងស្រុកនឹងអាចមានបង្កើនការផលិតបានកាន់តែច្រើន ដែលនឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាក៏ដំណើរការបានល្អផងដែរ។


លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធន់តូច និងមធ្យមកម្ពុជាបានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមិនបានធ្វើឲ្យសហគ្រាសផលិតក្នុងស្រុកជួបនឹងវិបត្តិធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញបែជាធ្វើឲ្យសហគ្រាសផលិតក្នុងស្រុកមានឱកាសពង្រីកការផលិតរបស់ខ្លួនកាន់តែច្រើនជាមុន ខណៈការនាំចូលទំនិញពីប្រទេសជិតខាងមួយចំនួនត្រូវបានកាត់បន្ថយដោយសារការរីករាលដាលជំងឺកូវីដ ១៩។


លោកបញ្ជាក់ថា អ្វីដែលយើងមើលឃើញផលប៉ះពាល់ខ្លាំងគឺវិស័យទេសចរ ប៉ុន្តែសម្រាប់ផលិតផលកែច្នៃក្នុងស្រុកគឺមិនរង់ផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះជាការកត់សម្គាល់តាំងពីមានការបិទព្រំដែនជាមួយប្រទេសជិតខាងមកធ្វើការលក់ផលិតក្នុងស្រុកមានការកើនឡើងជាងមុន។ ប៉ុន្តែយ៉ាងណាទន្ទឹមពេលនេះលោកឧកញ៉ាក៏បានអំពាវនាវឲ្យសហគ្រាសផលិតក្នុងស្រុកទាំងអស់បង្កើនគុណភាពផលិតរបស់ខ្លួនបន្ថែម និងជាពិសេសស្ថាប័នផ្នែកពិនិត្យទំនិញនាំចូលក៏គួរតែពិត្យឲ្យបានមាត់ចត់ និងត្រឹមត្រូវនូវអ្វីដែលកម្ពុជាយើងមានហើយគួរតែកាត់បន្ថយ ដែលការធ្វើដូច្នេះគឺដើម្បីគាំទ្រនូវផលិតផលខ្មែរ និងកាត់បន្ថយការនាំចូល៕


អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024