ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អាជីវកម្មសាលារៀនឯកជន ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ

១៥ មិថុនា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអាជីវកម្មសាលារៀនឯកជន បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ស្របពេលដែលសាលានៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជនត្រូវបានផ្អាកបើកបណ្ដោះអាសន្ន តែឲ្យបន្ដរៀនតាមប្រព័ន្ធអនឡាញ ឬហៅថារៀនពីចម្ងាយ។ អ្នកជំនាញ អះអាងទៀតថា ក្នុងអំឡុងពេលបង្រៀនតាមប្រព័ន្ធអនឡាញនេះ សាលារៀនឯកជនភាគច្រើនបានបាត់បង់ប្រាក់ចំណូលជាច្រើន ដោយសាលាខ្លះនៅរកចំណូលបានច្រើនបំផុត តែ៣០% ទៅ៤០% នៃចំណូលដែលធ្លាបរកបានពីមុនប៉ុណ្ណោះ ដែលវាជាហេតុធ្វើឲ្យពួកគេកំពុងជួបនូវបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង និងត្រូវបង្ខំចិត្តបិទការបង្រៀនជាបណ្ដោះអាសន្នផងដែរ។

 

លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា ជាការពិតណាស់កន្លងមករាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំទ្រចំពោះវិស័យអប់រំ ហើយនៅអំឡុងពេលកូវីដ-១៩ នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងបណ្ដាលមកពីការរីករាលដាលនៃមេរោគកូវីដ-១៩។

 

 

ទោះយ៉ាងណា លោក ប៉ិច ប៉ូឡែន អះអាងថា សម្រាប់អាជីវកម្មសាលារៀនឯកជន នៅអំឡុងពេលកូវីដ-១៩នេះ នៅតែប្រឈមនឹងបញ្ហាខ្លាំង ខណៈប្រាក់ចំណូលមានការធ្លាក់ចុះខ្លាំង ហើយបច្ចុប្បន្ន សាលារៀនឯកជនមួយចំនួន បានបង្ខំចិត្តសម្រេចបិទទ្វារបណ្ដោះអាសន្ន ផ្អាកការបង្រៀន ព្រោះតែទប់ទល់លែងរួច និងរង់ចាំមើលស្ថានភាពធូរស្រាលកូវីដ-១៩ ឡើងវិញ។ លោកបន្ថែមថា បើសិនជាការផ្អាកបើកសាលារៀនបណ្ដោះអាសន្ននេះ នឹងនៅតែបន្ដ នោះសាលាកាន់តែច្រើនថែមទៀតនឹងជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង។

 

បើតាមការអះអាង របស់លោក ប៉ិច ប៉ូឡែន សាលារៀនជាច្រើនក៏កំពុងជួបនូវបញ្ហាកង្វះសាច់ប្រាក់ ហើយក៏ពិបាកក្នុងការស្វែងរកប្រាក់កម្ចីពីធនាគារផងដែរ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តផ្អាកការបង្រៀនបណ្ដោះអាសន្ន។ ជាក់ស្ដែង លោកថា ក្នុងចំណោមសាលាដែលជាសមាជិករបស់សហព័ន្ធសេវាអប់រំកម្ពុជា ចំនួន ជាង ៨០សាលា គឺមានប្រមាណ២០% ហើយបានសម្រេចផ្អាកការបង្រៀនជាបណ្ដោះអាសន្ន និងរង់ចាំមើលពីស្ថានភាពធូរស្បើយកូវីដ-១៩ ឡើងវិញ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024