ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ផ្សារមូលបត្រកម្ពុជា ស្រូបបានសមាជិកថ្មី ទំហំ៨០ពាន់លាន

០១ ឧសភា ២០២០ | សេដ្ឋកិច្ច

អំឡុងពេលវិបត្តិមេរោគកូវីដ១៩ កំពុងវាយប្រហារដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរនោះ ផ្សារមូលបត្រកម្ពុជា មិនបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួននោះទេ។ ផ្សារមូលបត្រកម្ពុជា CSX ក្នុងសប្ដាហ៍នេះ ទទួលបានសមាជិកថ្មីមួយទៀតហើយ គឺក្រុមហ៊ុន RMA Cambodia ដែលបានប្រកាសចុះបញ្ជីជាផ្លូវការ លក់មូលបត្របំណុលរបស់ខ្លួនទំហំ ៨០ពាន់លានរៀល នៅលើផ្សារមូលបត្រកម្ពុជា។

 

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានសូមស្វាគមន៍ ក្រុមហ៊ុន RMA Cambodia ដែលបានជំនះឧបសគ្គដ៏លំបាកអំឡុងពេលមានវិបត្តិកូវីដ១៩នេះ ក្លាយជាសមាជិកថ្មី នៅលើ ផ្សារមូលបត្រកម្ពុជា ជាពិសេសគឺ ការប្រមូលសាច់ប្រាក់ នៅតែធ្វើឡើងក្នុងរង្វង់ ២០លានដុល្លារអាមេរិកដដែល មិនមានការប្រែប្រួលនោះទេ។

 

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អំឡុងពេលដ៏លំបាកនេះ ក្រុមហ៊ុន RMA Cambodia បានបន្តក្លាយខ្លួនជា ក្រុមហ៊ុនទី ១០ ដែលបានចុះបញ្ជីនៅលើ ផ្សារមូលបត្រកម្ពុជា និងបានក្លាយជាក្រុមហ៊ុនទី ៥ ដែលបានចុះបញ្ជីលក់មូលបត្របំណុល ហើយផ្សារមូលបត្រកម្ពុជា រំពឹងថា ក្រុមហ៊ុន RMA អាចនឹងពិចារណាលក់ មូលបត្រកម្មសិទ្ធិ នាពេលខាងមុខ ដើម្បីអនុញ្ញាតឲ្យសាធារណជន អាចចូលរួមវិនិយោគបាន។

 

ឯកឧត្តម ហុង សុហួរ  (រូបភាព៖ CSX)

 

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានថ្លែងឲ្យដឹងថា វាជា របត់ប្រវត្តិសាស្រ្តថ្មីមួយរបស់ ក្រុមហ៊ុន RMA Cambodia ដែលជា ក្រុមហ៊ុនដំបូងគេ មិនមែនផ្នែកហិរញ្ញវត្ថុ ដែលបានប្រែក្លាយខ្លួនពី ក្រុមហ៊ុនឯកជន ទៅជាក្រុមហ៊ុនសាធារណៈ លក់មូលបត្របំណុលជាសាធារណៈ ដែលនេះសបញ្ជាក់ពី ទំនុកចិត្តមកលើ ផ្សារមូលបត្រកម្ពុជា ក្នុងការទាញយក មូលធន ប្រើប្រាស់ជាប្រភពទុនថ្មី។

 


គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីផ្សារមូលបត្រកម្ពុជា នៅមានតួអង្គសំខាន់ៗ ២ផ្សេងទៀត ដែលគ្រោងនឹងចុះបញ្ជីជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ នៅលើ ផ្សារមូលបត្រកម្ពុជា រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រោងនឹងលក់មូលបត្របំណុលសរុបជាង ១២០ពាន់លានរៀល និង ធនាគារអេស៊ីលីដា គ្រោងនឹងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការឆាប់ៗនេះផងដែរ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024