ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ការផ្តល់ឥណទានសម្រាប់ត្រីមាសទី១នៅតែបង្ហាញពីកំណើនល្អ

០៥ ឧសភា ២០២០ | សេដ្ឋកិច្ច

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាអគ្គនាយកប្រតិបត្តិ ធានាគារ អេស៊ីលីដាបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះទំហំឥណទានសរុបរបស់ ធនាគារ អេស៊ីលីដាមានប្រមាណ ៣ពាន់៨០០លានដុល្លារ ធៀបនឹងឆ្នាំមុនកើនជាង ២.៥ភាគរយ ដែល ក្នុងនោះកម្ចីឥណទានលំនៅដ្ឋានមានទំហំប្រមាណជាង ១៤៦ លានដុល្លារ បើធៀបនឹង ឆ្នាំ ទៅមិញកើនជិត ៤ភាគរយ។

 

លោកបណ្ឌិតបញ្ជាក់ថា ផ្អែកតាមទំហំឥណទានលំនៅដ្ឋានដែលធនាគារអេស៊ីលីដា ឲ្យទៅ អតិថិជនមានទំហំតូចៗប៉ុណ្ណោះដែលគិតជាមធ្យម ២ម៉ឺន៤ពាន់ដុល្លារ ខណៈដែលបច្ចុប្បន្ន មើល ឃើញថា មុខរបរដែលមានចំណូលថេរ និងច្រើនជាងគេគឺវិស័យដាំដុះ កសិកម្ម។ លោកថា ការផ្តល់ឥណទានទូទាំងប្រទេសហាក់នៅតែបង្ហាញយ៉ាងច្បាស់ថា ក្នុងត្រីមាសទី១ ការផ្តល់ឥណទានមានការរីលូតលាស់ល្អ ២.៥ភាគរយ ដូច្នេះបើឥណទាននេះ នៅតែបន្តរីក លូតលាស់ល្អបែបនេះក្នុងរយៈពេលពេញ១ឆ្នាំ២០២០នេះ ទំហំឥណទានអាចនឹងកំណើនរហូតជាង ១០ភាគរយ។


លោកបណ្ឌិតអ៊ិន ចាន់នីបញ្ជាក់ថា ក្នុងកំឡុងពេលនេះលោកមិនទាន់អាចហ៊ានសន្និដ្ឋាន និងវាយតម្លៃពីទំហំនៃផលប៉ះពាល់ ចំពោះការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងកម្រិតណាមួយបានឡើយ ខណៈឥណទានលំនៅដ្ឋានគឺមានទំហំតូចៗ ប៉ុន្តែកន្លងមកឥណទានដែលជាប់គាំ ហើយជួបបញ្ហាគឺប្រភេទឥណទានធំៗ ពាក់ព័ន្ធវិស័យនាំចេញ និងវិស័យដឹកជញ្ជូនជាដើម។

 

លោកបណ្ឌិត អ៊ិន ចាន់នី 


យ៉ាងណាលោកបណ្ឌិតនៅតែអះអាងថា ការរីកលូតលាស់ឥណទានរបស់ធនាគារអេស៊ីលីដានៅក្នុងកំឡុងខែ មេសា ហាក់បង្ហាញពីការថមថយមកនៅត្រឹម ៣.៧ពាន់លានដុល្លារ ខណៈខែមីនាឥណទានមានរហូត ៣.៨ពាន់លានដុល្លារ ពោលគឺសម្រាប់៣ខែដំបូងឆ្នាំ២០២០ ឥណទានថ្មីមានចំនួន ៩៧លានដុល្លារ។


ជុំវិញនឹងការផ្ដល់ឥណទាននេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ជាគោលការណ៍ខាងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុនៅតែបន្តផ្តល់កម្ចីប្រសិនបើមានលក្ខខ័ណ្ឌគ្រប់គ្រាន់ខាងគ្រឹះស្ថានផ្តល់កម្ចីនឹងនៅតែបន្តផ្តល់កម្ចីឲ្យដដែល ប៉ុន្តែក្នុងកំឡុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩ ភាគច្រើនអាជីវកម្មសុទ្ធតែរងផលប៉ះពាល់ដោយការរកប្រាក់ចំណូលបានធ្លាក់ចុះ ដែលក្នុងនោះទីផ្សារ ដីធ្លី និងអចលនទ្រព្យក៏នឹងធ្លាក់ចុះដូចគ្នាដែរ ប៉ុន្តែលោកថា គេមិនទាន់អាចសន្និដ្ឋានបានថា ធ្លាក់ចុះក្នុងកម្រិតណានោះទេ។


លោកបន្ត ផល វ៉ាន់ឌី អះអាងទៀតថា ក្នុងរយៈពេលបីខែដើមឆ្នាំ២០២០នេះ ការផ្តល់ឥណទាននៅតាមគ្រឹះមីក្រូហិរញ្ញវត្ថុនៅរក្សារកំណើនដូចគ្នានឹងឆ្នាំទៅមិញដែរ ដោយលោកបានពន្យល់ថា ជាទូទៅកាលណាចំណូលមានការធ្លាក់ចុះពិតណាស់តម្រូវការឥណទាននឹងមានជាបន្តទៀត ដែលជាក់ស្តែងនៅដើមខែឧសភា នេះអាជីវកម្មមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយ ដូច្នេះតម្រូវការឥណទានក៏នឹងត្រូវការទៅតាមនោះដែរ។


របាយការណ៍សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទាន ជាង៧ប៊ីលានដុល្លា ដល់ប្រជាពលរដ្ឋខែ្មរប្រមាណជាង ២,២លាននាក់ ក្នុងនោះមាន ឥណទានគ្រួសារ៣៥% ឥណទានកសិកម្ម២០% ឥណទានពាណិជ្ជកម្ម១៨% ឥណទានសេវាកម្ម១៤% ដឹកជញ្ជូន៦% សំណង៣% និងវិស័យផ្សេងៗទៀត៤%៕
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024