ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតថ្មី

២២ កញ្ញា ២០២០ | សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អស់រយៈពេល៩ខែមកនេះ ពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលបានបង្កជា វិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។

 

ប៉ុន្ដែ បើទោះជាមានវិបត្តិ កូវីដ-១៩ ក្ដី ប៉ុន្ដែ បើមើលទៅលើទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនៅរយៈពេល៨ខែកន្លងមកនេះវិញ គឺនៅតែមានកំណើនគួរកត់សម្គាល់។ លើសពីនេះទៀត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីក្ដីសង្ឃឹមទៀតថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងដើរតួនាទីដ៏សំខាន់មួយ ដើម្បីជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងស្វែងរកទីតាំងផលិតកម្មថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។


ថ្លែងនៅក្នុងជំនួប ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានថ្លែងគូសបញ្ជាក់ថា បើទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ដៅយប៉ុន្ដែ សម្តេច មានមោទនភាពចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក នៅរយៈពេល៨ខែឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


សម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ទៀតថា កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្នុងពេលឆាប់ៗនេះ  ខណៈដែលកិច្ចព្រមព្រៀងនេះ បានបិទបញ្ចប់កិច្ចចរចាកាលពីថ្ងៃទី២០ ខែកក្កដា។ តាមរយៈច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។


បើទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងបង្ករការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និងសេដ្ឋកិច្ចយ៉ាងណាក្ដី ប៉ុន្ដែ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។

 

 

ដើម្បី ទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលកូវីដ-១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំ កែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, គ្រឿងបង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត។

 


សូមបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍កូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយ រួមទាំងវិធានការជួយដល់វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម និងអាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។


ជាការពិតណាស់ការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍កូវីដ-១៩ គឺជាការគិតថ្លឹងថ្លែងរកចំណុចដែលល្អប្រសើរបំផុតរវាងសេដ្ឋកិច្ច-សង្គម និងជំងឺ ពោលគឺ យើងមិនអាចគិតតែរឿងសេដ្ឋកិច្ច ហើយមិនអើពើខ្វល់ខ្វាយពីរឿងជំងឺ ដែលបណ្តាលឱ្យមនុស្សឆ្លងជំងឺ រាតត្បាត ហើយស្លាប់នោះទេ។

 

ក៏ប៉ុន្តែយើងក៏មិនអាចគិតតែពីរឿងជំងឺជ្រុលពេក រហូតបណ្តោយឱ្យសេដ្ឋកិច្ចខ្មែរយើងស្លាប់នោះដែរ៕

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024