ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញអង្កររបស់កម្ពុជានៅខែសីហា ធ្លាក់ចុះ ៣៥%

០៣ កញ្ញា ២០២០ | សេដ្ឋកិច្ច

បើទោះបីជាការនាំចេញ អង្កររបស់កម្ពុជាសរុបរយៈពេល៨ខែនៅឆ្នាំ២០២០នេះ កើនឡើងខ្ពស់ជាង៣១% បើធៀបនឹង៨ខែដូចគ្នាកាលពីឆ្នាំ២០១៩ ក៏ដោយចុះ ប៉ុន្ដែ បើមើលលើតួលេខក្នុងខែចុងក្រោយ គឺខែសីហា បរិមាណការនាំចេញអង្ករបានបង្ហាញពីការធ្លាក់ចុះដល់ទៅ ប្រមាណ ៣៥% ធៀបនឹងខែសីហាកាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ដែលបានបង្ហាញដោយក្រសួងកសិកម្ម។

 

របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងខែសីហាឆ្នាំ២០២០នេះ បិរមាណ នាំចេញអង្កររបស់កម្ពុជាសម្រេចបានជាង២ម៉ឺន២ពាន់តោន ដែលមានថយចុះប្រមាណ ១ម៉ឺន២ពាន់តោន ពោលគឺធ្លាក់ចុះដល់ទៅប្រមាណ ៣៥% ធៀបនឹងខែសីហាឆ្នាំ២០១៩។

 

 

អ្នកជំនាញ នៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានអះអាងថា ការធ្លាក់ចុះ នៃបរិមាណនាំចេញអង្កររបស់កម្ពុជានៅខែចុងក្រោយនេះ គឺដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។

 

 

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា សម្រាប់រយៈពេលចុងក្រោយនេះ បរិមាណនាំចេញអង្កររបស់កម្ពុជាមិនអាចសម្រេចបានល្អទេ ដោយសារតែផលប៉ះពាល់បណ្ដាលមកពីរបាយទឹកភ្លៀងមានមិនស្មើគ្នា។ 

 

លោកបន្ថែមថា ការបង្កបង្កើនផលរបស់ប្រជាកសិករនៃសហគមន៍កសិកម្ម ដែលធ្វើកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននាំចេញអង្ករកំពុងត្រូវបានផលអាក្រក់ពីបញ្ហារាំងស្ងួតនេះ។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានព្រមានដែរថា បញ្ហាអាកាសធាតុនេះ វាក៏នឹងធ្វើឲ្យគោលដៅនាំចេញអង្ករ៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោនរបស់កម្ពុជានៅឆ្នាំ២០២០ ទំនងជាមិនអាចសម្រេចទៅបានឡើយ។

 

 

បើទោះបីជា ការនាំចេញអង្ករនៅខែសីហាឆ្នាំនេះ មានការធ្លាក់ចុះខ្លាំងក៏ដោយចុះ ប៉ុន្ដែ សម្រាប់តួលេខនាំចេញអង្ករសរុបសម្រាប់រយៈពេល៨ខែ នៅឆ្នាំ២០២០នេះ ជារួមការនាំចេញអង្ករនៅតែសម្រេចបានជិត៤៥ម៉ឺនតោន កើនឡើងជាង៣១% ធៀបនឹង៨ខែកាលពីឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម៕

 

អត្ថបទ៖ ចាន់ ភារម្យ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024