ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រោងម៉ាស៊ីនកិនស្រូវចំនួន ៤ និងសហគមន៍កសិកម្មចំនួន ៥០ ព្រមព្រៀងគ្នាចុះកិច្ចសន្យាកសិកម្ម

៣០ កញ្ញា ២០២០ | សេដ្ឋកិច្ច

កិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យាត្រូវបានរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមជាមួយសហគមន៍កសិកម្មចំនួន ៥០ នៅព្រឹកមិញនេះ បានធ្វើការចុះហត្ថលេខារួមគ្នា ក្រោមការអញ្ជើញជាសាក្សីពីសំណាក់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា។ តំណាងវិស័យឯកជនបានអះអាងថា ការចុះកិច្ចសន្យាកសិកម្មចំនួន៥២កិច្ចសន្យានេះ គឺជាជោគជ័យដ៏ធំមួយមិនធ្លាប់មាន លើការផលិតស្រូវសរីរាង្គនិងដំឡូងមីសរីរាង្គនៅកម្ពុជា។

 

 

កិច្ចសន្យាកសិកម្មរហូតដល់ទៅចំនួន ៥២ កិច្ចសន្យា ដែលបានចុះហត្ថលេខានេះ គឺជាការព្រមព្រៀងលើផលិតផលស្រូវសរីរាង្គក្នុងបរិមាណជាង ២៤ម៉ឺន ៦ពាន់តោន និងដំឡូងមីសរីរាង្គក្នុងបរិមាណជាង ៣ម៉ឺនតោន ដោយមានសហគមន៍កសិកម្មចំនួន ៥០សហគមន៍មកពីខេត្តផ្សេងៗគ្នាចួលរួម ដូចជាខេត្តតាកែវ, កំពង់ស្ពឺ , កំពត , កំពង់ឆ្នាំង , មណ្ឌលគិរី និងខេត្តព្រះវិហារ ។

 

 

ដោយឡែក ខាងក្រុមហ៊ុនចំនួន ៤ ដែលបានចុះកិច្ចសន្យាចូលរួមចុះកិច្ចសន្យារួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការសម្រេចបាននូវកិច្ចសន្យាកសិកម្មថ្មីៗនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អនុវិស័យទាំងអស់អនុវត្តតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រីកវិសាលភាពឲ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម ។

 

 

បន្ថែមពីនេះទៀត ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ- ១៩ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយ: ការពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្មឲ្យអស់លទ្ធភាព។

 

 

គួរបញ្ជាក់ថា គិតមកទល់ចុងខែកញ្ញាឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្មបានកើនឡើងដល់ ៧០១ កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខដូចជា ស្រូវ ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត មាន់ស្រែ និងជ្រូក ជាដើម។ល៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024