ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ក្នុងស្ថានភាពគ្រោះទឹកជំនន់

១៤ តុលា ២០២០ | សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជាសូមអំពាវនាវដល់សមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែកំពុងជួបរងគ្រោះដោយសារទឹកជំនន់ជួយចូលរួមទិញស្រូវពីប្រជាកសិករឲ្យទាន់ពេលវេលាក្នុងតម្លៃមួយសមរម្យ ដើម្បីចូលរួមបញ្ចៀសស្ថានភាពអាក្រក់ណាមួយកើតឡើងនៅថ្ងៃខាងមុខ។

 

 

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចស្នើឲ្យសមាជិកជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃមួយសមរម្យនាពេលនេះគឺដោយសាមើលឃើញមានប្រជាកសិករមួយបានកំពុងប្រមូលផលស្រូវស្រាល ជួបបញ្ហាគ្រោះទឹកជំនន់ដូចជាការដាច់ផ្លូវជាដើមធ្វើឲ្យស្ទះចលនាស្រូវ ដូច្នេះបានជាសហព័ន្ធស្នើឲ្យសមាជិកជួយទិញ  បើទោះបីជាផលស្រូវដែលប្រមូលបានមានសភាពសើមយ៉ាងណាក៏ដោយចុះ ត្រូវទិញក្នុងតម្លៃមួយសមរម្យ។

 


 
លោកឧកញ៉ា បញ្ជាក់ថា ស្ថានភាពនៃគ្រោះទឹកជំនន់ទើបតែចាប់ផ្តើម ដូច្នេះមិនទាន់អាចធ្វើការវាយតម្លៃពីផលប៉ះពាល់ក្នុងកម្រិតណាមួយបាននៅឡើយទេ ប៉ុន្តែយ៉ាងណាក្នុងនាមប្រធានសហព័ន្ធគឺជំរុញឲ្យសមាជិកជួយទិញស្រូវពីប្រជាកសិករស្ថិតក្នុងឱកាសដែលប្រជាកសិករជួបបញ្ហាលំបាកឲ្យបានទាន់ពេលវេលា និងតម្លៃមួយសមរម្យ។
 

 


លោកឧកញ៉ា បានបញ្ជាក់ទៀតថា យើងព្យាយាមឲ្យសមាជិកជួយទិញស្រូវ កុំឲ្យស្ថានភាពអាក្រក់កើតមានឡើងទៅថ្ងៃខាងមុខ ព្រោះមានតែការជួយទិញស្រូវទេ ទើបជួយពួកគាត់បាន ខណៈស្រូវដែលខូចគុណភាពគឺតម្លៃប៉ុន្មានក៏ប្រជាកសិករលក់ដែរ ដូច្នេះបានជាយើងត្រូវជំរុញឲ្យសមាជិកជួយទិញស្រូវពួកគាត់ឲ្យទាន់ពេលវេលា។ លោកថា ភាគច្រើនខេត្តដែលរងផលប៉ះពាល់ខេត្តស្ថិតនៅក្នុងតំបន់ទំនាបកណ្តាលមានដូចជា បន្ទាយមានជ័យ ខេត្តបាត់ដំបង និងពោធិសាត់ គឺប៉ះពាល់ខ្លាំងជាងគេ។
 


បើតាមលោកឧកញ៉ា សុង សារ៉ន តម្លៃស្រូវដែលសមាជិកសហព័ន្ធទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យកន្លងមកគឺស្ថិតនៅក្នុងតម្លៃចន្លោះពី ១ពាន់ទៅ១ពាន់១៥០ រៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា តម្លៃស្រូវឆ្នាំនេះគឺជាតម្លៃស្រូវមួយល្អ ហើយសមរម្យបំផុត ដែលអាចនិយាយបានថាតម្លៃនេះមិនអាក្រក់ដូចឆ្នាំទៅមិញ ដោយក្នុង១គីឡូក្រាមថ្លៃត្រឹម៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ។
 

 


តាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្កររបស់កម្ពុជា សម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនជិត២៣% ធៀបនឹង៩ខែឆ្នាំមុននេះ ដោយក្នុងនោះ ប្រាក់ចំណូលដែលបានពីការនាំចេញអង្ករ សម្រេចបានដល់ទៅជិត ២៣០ លានដុល្លារអាមេរិក៕

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024