ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កសិករកំពុងប្រឈមនឹងបញ្ហាប្រមូលផលស្រូវ ខណៈថ្លៃឈ្នួលម៉ាស៊ីនច្រូតឡើងថ្លៃលើស ៣ ដង ធៀបនឹងឆ្នាំមុន

០១ ធ្នូ ២០២០ | សេដ្ឋកិច្ច

រដូវប្រមូលផលច្រូតកាត់ស្រូវនៅឆ្នាំនេះ ប្រជាកសិករនៅតាមតំបន់ដាំដុះស្រូវនៅតាមបណ្ដាខេត្តមួយចំនួន កំពុងមមាញឹកញាប់ដៃញាប់ជើង ច្រូតកាត់ស្រូវ ដែលកំពុងទុំពេញស្រែ។

 

 

ប៉ុន្ដែ អ្វីដែលជាការកត់សម្គាល់នោះ បើតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានឲ្យដឹងថា នៅឆ្នាំនេះ តម្លៃឈ្នួលម៉ាស៊ីនច្រូតកាត់ស្រូវបានកើនឡើងថ្លៃខ្ពស់ដល់ទៅលើស ៣ដង ធៀបនឹងតម្លៃឆ្នាំមុន ដែលវាកំពុងបង្កជាការលំបាកយ៉ាងខ្លាំងដល់ប្រជាកសិករ ហើយធនាគារអភិវឌ្ឍន៍ជនបទក៏បានអំពាវនាវឲ្យខាងអាជ្ញាធរមូលដ្ឋានចុះជួយច្រូតកសិករឲ្យទាន់ពេលវេលាផងដែរ ។

 



សេចក្ដីអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានចេញផ្សាយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំ ធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ ក៏ប៉ុន្ដែ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរនេះ កំពុងប្រឈមនឹងការខ្វះខានូវកម្លាំងដើម្បីច្រូតកាត់ ក៏ដូចជា ម៉ាស៊ីនច្រូតកាត់ស្រូវមិនបានទាន់ពេលវេលាជាដើម ដោយសារតែការប្រមូលស្រូវនៅឆ្នាំនេះ មានភាពសម្រុកផ្ទួនៗគ្នា។

 


ធនាគារអភវិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើសភាពការណ៍ខ្វះខាតមធ្យោបាយច្រូតកាត់នេះ នៅតែអូសបន្លាយយូរថ្ងៃទៀត ស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងស្រែនឹងទុំជ្រុលជាហេតុធ្វើឲ្យបាត់បង់គុណភាពស្រូវ ព្រមទាំងធ្វើឲ្យថ្លៃស្រូវធ្លាក់ចុះផងដែរ»។

 

 

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា បើទោះបីជា អំឡុងជារដូវសម្រុកច្រូតកាត់ប្រមូលស្រូវក៏ដោយ ប៉ុន្ដែតម្លៃស្រូវលើទីផ្សារនៅតែរក្សាបានតម្លៃសមរម្យ មិនធ្លាប់ចុះខ្លាំងនោះទេ។

 

ពោលគឺ តម្លៃស្រូវជាមធ្យមនៅតែមានជាង ១ពាន់រៀលក្នុង មួយគីឡូក្រាម ហើយតម្លៃធ្លាក់ចុះក្រោម ១ពាន់ គឺសម្រាប់តែស្រូវដែលមិនសូវមានគុណភាពប៉ុណ្ណោះ។


លោក លន់ យ៉េង បន្ថែមថា តម្លៃម៉ាស៊ីនច្រូតស្រូវនៅឆ្នាំនេះ គឺមានថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយពីមុន តម្លៃច្រូតស្រូវ ១ហិកតា តម្លៃតែ២០ម៉ឺនរៀលទេ ប៉ុន្ដែ ឥឡូវ ឡើងថ្លៃដល់ទៅ ជាង៥០ម៉ឺនរៀលទៅហើយ។

 

ដូច្នេះ វាជាកត្តាប្រឈមមួយសម្រាប់កសិករ ដោយសារតែ កសិករបច្ចុប្បន្នធ្វើស្រែមិនសូវមានច្រូតដៃដូចពីទៀតទេ គឺប្រើម៉ាស៊ីនច្រូតរបស់ឯកជន ដូច្នេះ បើថ្លៃឈ្នួលថ្លៃ ពួកគេប្រឈមនឹងការខាត។

 

ដូច្នេះ វិធានការចុះជួយពលរដ្ឋពេលប្រមូលផលឲ្យបានទាន់ពេលវេលានេះ វាគឺជារឿងមួយសំខាន់ណាស់ ដើម្បីរក្សាបានគុណភាពស្រូវនៅល្អផង និងជួយទប់កុំឲ្យតម្លៃស្រូវធ្លាក់ថ្លៃផងដែរ។  

 

ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករក្នុងពេលប្រមូលផលស្រូវនេះដែរ ធនាគាររដ្ឋ អភិវឌែ្ឍន៍ជនបទ និងកសិកម្ម ក៏បាន្អំពាវនាវដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្មគ្រចិត្ត ដែលកំពុងឈជើងនៅតាមតំបន់ដែលកំពុងប្រមូលផលស្រូវសែក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវរបស់ប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាព ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ។


របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញស្រូវប្រមាណជាង ១លាន ៤សែនតោនទៅកាន់ប្រទេសវៀតណាម។ ដោយឡែក ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល១០ខែ មកនេះ  សម្រេចបានជាង៥៣ម៉ឺន៦ពាន់តោន  កើនឡើង ជាង១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និង រូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024