ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជា និងវៀតណាម កំពុងចាប់ក្ដោបយកឱកាសរៀងខ្លួនក្នុងការនាំចេញអង្ករទៅអូស្ត្រាលី

២៨ តុលា ២០២០ | សេដ្ឋកិច្ច

ប្រទេសកម្ពុជា និងវៀតណាម កំពុងស្រវាចាប់ក្ដោបយកឱកាសរៀងៗខ្លួន ក្នុងការផ្គង់ផ្គង់ការនាំចេញអង្ករទៅអូស្ត្រាលី ខណៈដែលប្រទេសអូស្ត្រាលី កំពុងតែប្រឈមនឹងបញ្ហាកង្វះខាតខ្លាំអក្នុងការផ្គត់ផ្គង់អង្ករក្នុងស្រុក ដែលត្រូវបង្ខំឲ្យក្នុងការនាំចូលអង្ករកាន់តែច្រើនថែមទៀត ពីក្រៅប្រទេស នៅមុនថ្ងៃបុណ្យChristmas នាពេលខាងមុខនេះ។ ក្នុងនោះ ទាំងភាគីកម្ពុជា និងវៀតណាមសុទ្ធតែបង្ហាញថា នឹងក្ដោបយកឱកាសនេះ។

 


បើតាម ភ្នាក់ងារព័ត៌មានវៀតណាមបានឲ្យដឹងថា លោក រ៉ប ចូឌិន នាយកប្រតិបត្តិក្រុមហ៊ុន SunRice ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករធំជាងគេបំផុតរបស់អូស្ត្រាលី បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី កំពុងរងការខ្វះខាតយ៉ាងច្រើន នៃការផ្គត់ផ្គង់អង្ករក្នុងស្រុក ដែលតម្រូវឲ្យប្រទេសនេះ ត្រូវការនាំចូលអង្ករបន្ថែមទៀតពីក្រៅប្រទេស ពិសេសពីប្រទេសវៀតណាម ហើយខាងភាគីកម្ពុជាវិញក៏កំពុងស្រវាចាប់យកឱកាសនេះដូចគ្នាដែរ។

 


តាមប្រភពព័ត៌មានបានឲ្យដឹងថា បញ្ហាដែលធ្វើឲ្យអូស្ត្រាលី មានការខ្វះខាតខ្លាំងនៃការផ្គត់ផ្គង់អង្ករក្នុងស្រុកនេះ គឺដោយសារតែកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះនៅក្នុងពេលមានវិបត្តិកូវីដ-១៩ និងរួមផ្សំដោយផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់ការផលិតនៅក្នុងស្រុក។

 


អូស្ត្រាលីមានតម្រូវការអង្ករប្រចាំឆ្នាំ ប្រហែល ៣០ម៉ឺនតោន ហើយក្នុងនោះ មានប្រហែលពាក់កណ្ដាលគឺជាការនាំចូល ដែលមានជាមធ្យមប្រមាណ ជាង១៧ម៉ឺនតោន នៅឆ្នាំ២០១៨-២០១៩។

 

ការនាំចូលអង្ករភាគច្រើនរបស់អូស្ត្រាលី គឺជាប្រភេទអង្ករគ្រាប់វែង ផលិតផលនៅប្រទេសដូចជាវៀតណាម ថៃ ប៉ាគីស្ថាន និងឥណ្ឌា ហើយនៅរយៈចុងក្រោយនេះ កម្ពុជាយើងក៏មានសន្ទុះការនាំចេញអង្ករទៅអូស្ត្រាលីកើនឡើងដែរ។


បើតាមការអះអាងរបស់លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ទីផ្សារអូស្ត្រាលី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនគួរឲ្យកត់សម្គាល់។

 

 

តួយ៉ាង នៅ៩ខែ ដំបូងឆ្នាំ២០២០នេះ ការនាំចេញអង្ករទៅអូស្ត្រាលី កើនដល់ ទៅ ៦២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ លោកថា នៅពេលដែលអូស្ត្រាលីជួបបញ្ហាកង្វះខាតអង្ករបែបនេះ វាក៏ជាឱកាសថ្មីមួយទៀតដែរ សម្រាប់កម្ពុជាក្នុងការនាំចេញអង្ករទៅកាន់ប្រទេសមួយនេះ។ 

 


លោក លន់ យ៉េង បន្ថែមទៀតថា រដ្ឋាភិបាលអូស្ត្រាលី ក៏មានការជួយគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជាគួរឲ្យកត់សម្គាល់ដែរនៅមួយរយៈចុងក្រោយនេះ។ លោកសង្កត់ធ្ងន់ទៀតថា ទីផ្សារអូស្ត្រាលី សម្រាប់កម្ពុជា គឺនៅជាចំណុចចាប់ផ្ដើមនៅឡើយ ប៉ុន្ដែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺយើងបានជោគជ័យមួយកម្រិតហើយនៅដំណាក់កាលដំបូងនេះ ដើមឈានទៅរកកំណើននាំចេញកាន់តែខ្ពស់នៅពេលអនាគត៕

 

 


អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024