ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងកសិកម្មអះអាងថា វិស័យផលិតកម្មកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ តែមិនធ្ងន់ធ្ងរទេ

១៦ តុលា ២០២០ | សេដ្ឋកិច្ច

របាយការណ៍ពីផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ភ្លៀងឆ្នាំ២០២០ របស់គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី៩ កញ្ញា ដល់ថ្ងៃទី១៥ តុលាបានបង្ហាញថា មានសន្ទូងស្រូវរងផលប៉ះពាល់រហូតជាង ១៣ ម៉ឺនហិកតា ខណៈសន្ទូងស្រូវខូចខាត ជាង ៦ពាន់ហិកតា រីឯដំណាំផ្សេងៗជាង ៥ម៉ឺន ៥ពាន់ហិកតា កំពុងរងផលប៉ះពាល់ និងបាន ខូចខាតជាង ៦ពាន់ហិកតា។


ជុំវិញនឹងផលប៉ះពាល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ប្រាប់ភីអិនអិននៅថ្ងៃនេះថា ផ្អែកតាមការបូកសរុបលទ្ធផលនៃការប៉ះពាល់ទឹកជំនន់ទាំង ១៨ខេត្តឃើញថា សន្ទូងស្រូវជាង ១៣ ម៉ឺនហិកតា ពិតជាបានរងផលប៉ះពាល់ ក៏ប៉ុន្តែមិនទាន់អាចវាយតម្លៃថានឹងខូចខាតពិតប្រាកដទាំង ៦ពាន់ហិកតានោះដែរ។

 


នៅថ្ងៃទី១៥ តុលា នេះតាមការចុះអង្កតផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម ពីស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាបឃើញថា ទឹកជំនន់បានបន្តស្រកចុះជាបណ្តើរៗហើយ ហើយស្ទូងដែលថា រងផលប៉ះពាល់នោះ គឺមានភាពល្អប្រសើរឡើងវិញ ដែលអាចនិយាយបានថា មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ខណៈដែលស្ថានភាពទឹកក្នុងខេត្តពោធិសាត់សម្រាប់ នៅថ្ងៃទី ១៥ ខែតុលា គឺបានស្រកចុះជិត១ម៉ែត្រ។

 


ឯកឧត្តម រដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយតាមការវាយតម្លៃប៉ាន់ស្មានជាប្រចាំ គឺក្រសួងកសិកម្មតែងតែបានត្រៀមស្រូវពូជប្រមាណ ២ពាន់តោនជារៀងរាល់ឆ្នាំ ខណៈគ្រោះរាំងស្ងួតនាឆ្នាំកន្លងទៅ ទើបតែបានបញ្ចេញពូជស្រូវប្រមាណ ២០០តោនប៉ុណ្ណោះ។

 

 

និងមួយវិញទៀតបើទឹកលិចស្រូវក្នុងរយៈពេលក្រោម១ សប្តាហ៍ដូច្នេះ គឺមិនបានធ្វើឲ្យខូចខាតស្រូវធ្ងន់ធ្ងរនោះទេ លើកលែងតែស្រូវណា ដែលស្ថិតនៅចំលំហូរទឹកខ្លាំង និងករណីស្រូវផើមប៉ុណ្ណោះ។


ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកមុ្មបានត្រៀមលក្ខណៈទប់ស្កាត់គ្រប់គ្រាន់រួចជាស្រេចអស់ហើយ គឺមិនមានបញ្ហាអី្វនោះឡើយពោលគឺពូជបន្លែបានត្រៀមរហូត ១៦តោន និងពូជស្រូវជិត ២ពាន់តោន។

 


តាមការអះអាងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម គ្រោះទឹកជំនន់នេះមិនបានធ្វើឲ្យប៉ះពាល់ដល់ផែនការនាំចេញកសិផលរបស់កម្ពុជានោះទេ ព្រោះផ្អែកតាមលទ្ធផលដែលទទួលបាននៅថ្ងៃទី១៥ ខែតុលានេះ សម្រេចបានជាង ១០០ភាគរយលើសផែនការរួចទៅហើយ ពោលគឺទំហំនៃផលប៉ះពាល់នេះស្ថិតនៅក្នុងវង្វង់មួយតូចប្រមាណ ៦ភាគរយ ខណៈការខូចខាតត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។

 


ឯកឧត្តមបានបន្ថែមទៀតថា ទិន្នផលឆ្នាំនេះ គឺល្អជាងឆ្នាំមុនដែល១ហិកតាទទួលផលស្រូវបានជាង ៣តោន ខណៈឆ្នាំមុនទិន្នផលក្នុង១ហិកតា ជាង ២តោន៕

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024