ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចំណូលពីការនាំចេញអង្ករ ៩ខែឆ្នាំនេះ សម្រេចបាន ៣២៨លានដុល្លារ ប៉ុន្ដែ ២ខែចុងក្រោយនេះ បរិមាណនាំចេញថមថយ

០៦ តុលា ២០២០ | សេដ្ឋកិច្ច

ការនាំចេញអង្កររបស់កម្ពុជា សម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនជិត២៣% ធៀបនឹង៩ខែឆ្នាំមុននេះ ដោយក្នុងនោះ ប្រាក់ចំណូលដែលបានពីការនាំចេញអង្ករ សម្រេចបានដល់ទៅជិត ២៣០ លានដុល្លារអាមេរិក។ ប៉ុន្ដែ បើមើលទៅលើតួលេខនាំចេញប្រចាំខែវិញ ឃើញថា នៅរយៈពេល២ខែចុងក្រោយ ពោលគឺខែ សីហា និងកញ្ញាកន្លងទៅ គឺមានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើយោងតាមទិន្នន័យពី សហព័ន្ធស្រូវអង្ករកម្ពុជា។

 


ការនាំចេញអង្ករនៅ៩ខែ ឆ្នាំ២០២០នេះ សម្រេចដល់ទៅជិត៤៩ ម៉ឺនតោន ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនជិត២៣% ប៉ុន្ដែ បើមើលតួលេខ២ខែចុងក្រោយ គឺនៅខែសីហា និងខែ កញ្ញា ឆ្នាំ២០២០ ធៀបនឹងខែសីហា និងខែកញ្ញា នៅឆ្នាំ២០១៩ ឃើញថា ការនាំចេញអង្ករបានបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់។


តួយ៉ាង នៅខែសីហា ឆ្នាំ២០២០ សម្រេចបានការនាំចេញអង្ករជាង២ម៉ឺន២ពាន់ ធ្លាក់ចុះ ជាង១ម៉ឺន២ពាន់តោន ធៀបនឹងខែសីហាឆ្នាំមុន។ រីឯ ខែកញ្ញាឆ្នាំ២០២០វិញ នាំចេញបានជាង៤ម៉ឺនតោន ធ្លាក់ចុះ ដល់ទៅប្រមាណ ២ម៉ឺន៥ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា  បានលើកឡើងថា ការថមថយចុះនូវចំនួនការនាំចេញ អង្ករនៅរយៈពេល ២ខែចុងក្រោយនេះ គឺដោយសារតែ អំឡុងពេលនោះ មានថ្ងៃការឈប់សម្រាកច្រើនដូចជាបុណ្យភ្ជុំបិណ្ឌជាដើម គួបផ្សំនឹងបញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រមូផលស្រូវផងដែរ។


ទោះយ៉ាងណា លោក លន់ យ៉េង អះអាងថា បើមើលជារួមការនាំចេញអង្ករ ៩ខែ នៅតែរក្សាបានកំណើនល្អដដែលទេ ហើយសហព័ន្ធស្រូវអង្ករសង្ឃឹមថា ចាប់ពីខែតុលានេះតទៅការនាំចេញ នឹងវិលមករកសភាពធម្មតាវិញ។


តាមការអះអាងរបស់អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ការនាំចេញអង្ករនៅតែរំពឹងថា នៅតែរក្សាបានកំណើនតាមផែនការ ដែលមានក្នុងចន្លោះ ២០% ទៅ៣០% ពោលគឺអាចនឹងសម្រេចបានបរិមាណនាំចេញអង្ករក្នុងរង្វង់៧០ម៉ឺនតោន។


តាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារលើសកល នៅក្នុងចំណោមចំណែកទិសដៅ គឺប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារ ៣៥% ដែលមានចំនួនជាង១៧ម៉ឺនតោន, ទីផ្សារសហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅលំដាប់ទី២ មានចំណែកទីផ្សារ ៣៣% ដែលមានបរិមាណ ជាង ១៦ ម៉ឺនតោន ក្នុងនោះប្រទេសបារាំងជាទីផ្សារធំជាងគេ មានចំណែក ១៣% នៃទីផ្សារសរុប៕

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024