ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភ លើកទី២ ឲ្យកម្មករនិយោជិត ជិត ៣ម៉ឺននាក់ នៅរោងចក្រសហគ្រាសចំនួន ៨៥

៣០ កក្កដា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃពុធនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ជិត ៣ម៉ឺននាក់ នៅរោងចក្រ សហគ្រាស ចំនួន ៨៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ កម្មករនិយោជិតទាំងនេះ ទទួលបានប្រាក់ឧបត្ថម្ភ លើកទី១ ម្តងរួចមកហើយ។

 


ក្នុងចំណោមបងប្អូនកម្មករទាំង ២៧,៩៣៧នាក់ មកពីរោងចក្រសហគ្រាសទាំង ៨៥ ដែលព្យួរការងារនេះ គឺវិស័យកាត់ដេរ មានចំនួន ៥៤រោងចក្រ នៅភ្នំពេញ និងបណ្ដាខេត្តចំនួន១០។ រីឯវិស័យទេសចរណ៍ មាន ៣១ក្រុមហ៊ុន ដែលជាក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន នៅភ្នំពេញ សៀមរាប និងខេត្តកំពត។


មិនខុសពីសព្វដង ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ។ បងប្អូនកម្មករទទួលបាន ៦១ ៥០០រៀល ឬ១៥ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃដល់១០ថ្ងៃ, ទទួលបាន១សែន២ម៉ឺន៣ ពាន់រៀល ឬ ៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង១សែន៦ម៉ឺន៤ ពាន់រៀល ឬ ៤០ដុល្លារអាម៉េរិក សម្រាប់ការព្យួរកិច្ចសន្យា ការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

 


ក្រសួងការងា បញ្ជាក់ទៀតថា ប្រសិនជាបងប្អូន មិនបានទៅបើកប្រាក់ក្នុងការកំណត់១០ថ្ងៃ បន្ទាប់ពីបានទទួលសារតាម ទូរសព្ទពីធនាគារឯកទេសវីងទេនោះ ធនាគារនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបាន សារនោះទៅ កាន់ភ្នាក់ងារវីង និងមិនតម្រូវឱ្យបង់ថ្លៃសេវាអ្វីឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។


ក្នុងករណី បងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៨៥ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ ឯកទេសវីងទេនោះ កម្មករនយោជិតអាចសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់។

 


គិតត្រឹមពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាដៃគូ ជូនដល់បងប្អូនកម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើង រួមទាំងវិស័យទេសចរណ៍ បានចំនួនជាង ១៩ ៣៥០០នាក់ បន្ទាប់ពីដំណើរការបើកផ្ដល់ប្រាក់ឧបត្ថម្ភតាំងពីចុងខែឧសភាមក។ 


តាមអ្នកនាំពាក្យក្រសួងការងារ ឯកឧត្ដម ហេង សួរ ក្នុងចំណោមបងប្អូនកម្មករនិយោជិតទាំងជាង ១៩ម៉ឺននាក់នោះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង 27 133 442 230រៀល ប្រហែលជិត ៧លានដុល្លារអាមេរិក។ 


បើតាមរដ្ឋលេខាធិការដដែល ការផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនកម្មករនិយោជិត នឹងបន្តធ្វើរហូតទាល់តែមានសេចក្ដីសម្រេចសាជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍របស់ជំងឺសកលកូវីត១៩៕

អត្ថបទ៖ សំ ជំនាញ,    រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024