ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាលើកកម្ពស់សុវត្ថិភាពការធ្វើដំណើររបស់កម្មករនិយោជិត

២៩ កក្កដា ២០២០ | ព័ត៌មានជាតិ

រថយន្តដឹកកម្មករជាច្រើននៅតែបន្តប្រើប្រាស់ប្រភេទរថយន្តដឹកទំនិញ និងមិនមានស្តង់ដារសុវត្ថិភាពត្រឹមត្រូវនៅឡើយទេ ដែលជាហេតុធ្វើឲ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅតែប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការលើកឡើងរបស់លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី។ 

 


លោកបានបន្តថា អង្គការកំពុងរួមសហការជាមួយក្រសួងការងារ និងបេឡាជាតិសន្តិសុខសង្គម ដើម្បីជំរុញឲ្យមានការអ្នកបើកបរផ្លាស់ប្តូរពីរថយន្តដឹកទំនិញមកជារថយន្តដឹកអ្នកដំណើរ ដើម្បីធានាដល់សុវត្ថិភាពក្នុងពេលធ្វើដំណើររបស់កម្មករនិយោជិត។ 


ការលើកឡើងរបស់លោក គឹម បញ្ញា ធ្វើឡើងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” នៅថ្ងៃទី២៨ ខែកក្កដានេះ។ លោកបានបន្ថែមទៀតថា ការសិក្សាពីលទ្ធភាពដែលនឹងអាចអ្នកបើកបររថយន្តដឹកញ្ជូនកម្មករ ងាកទៅប្រើប្រាស់យានយាន្តមានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់នឹងចេញលទ្ធផលនៅចុងឆ្នាំនេះ។ 

 


ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងក្រសួងការងារ និងបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ ការដឹកជញ្ជូន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ចុះបណ្ដុះបណ្ដាល ប្រឡងយកបណ្ណបើកបរ និងជំរុញឲ្យអ្នកបើកបរប្រើប្រាស់រថយន្ដដឹកអ្នកដំណើរ។

 


សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករនិយោជិតបានកើតឡើងចំនួន៨ករណី និងបង្កឲ្យមានជនរងគ្រោះចំនួន ២២៣ នាក់ (ស្លាប់ចំនួន ២នាក់ របួសធ្ងន់ចំនួន ៣២នាក់ របួសស្រាលចំនួន ១៨៩ នាក់) គ្រោះថ្នាក់កើតឡើងដោយរ៉ឺម៉កចំនួន ២ ករណី ជនរងគ្រោះ ២ នាក់ គ្រោះថ្នាក់កើតឡើងដោយកង់ចំនួន ៣ ករណី ជនរងគ្រោះចំនួន ៣នាក់ និង គ្រោះថ្នាក់ដោយថ្មើរជើងមានចំនួន ១៨ ករណី ជនរងគ្រោះចំនួន ១៨ នាក់៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024