ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ ២០២១

១០ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន ១៩២ដុល្លារ សម្រាប់ឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី១០ កញ្ញានេះ ។

 


ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ គឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀត លើតួលេខ ១៩០ដុល្លារនេះ ។ កិច្ចប្រជុំសម្រេចចុងក្រោយនេះ ក្រោមអធិបតីភាព  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជក់ ។

 


សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ និង១៩២ដុល្លារនៅឆ្នាំ២០២១៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024