ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលចំណាយ ២៦លានដុល្លារហើយ សម្រាប់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ

២៩ មីនា ២០២១ | ព័ត៌មានជាតិ

គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភប្រាក់ជូនកម្មករនិយោជិត ដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបប្រមាណជា ២៦លានដុល្លារអាមេរិកហើយ។ ការឧបត្ថម្ភសាច់ប្រាក់ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលរងវិបត្តិកូវីដ-១៩។

 


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារម្នាក់ ខណៈនិយោជកតម្រូវឱ្យឧបត្ថម្ភជូនកម្មករ និយោជិតម្នាក់៣០ដុល្លារ។ ការសម្រេច បែបនេះ ដើម្បីជួយសម្រាលការលំបាក និងការចំណាយរបស់កម្មករ និយោជិត ដែលត្រូវបាត់បង់ការងារនោះ។ រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកានេះ តាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។

 


បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារឯកឧត្ដម ហេង សួរ មានរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងព្យួរសរុបមានចំនួន ១៥៧រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុបចំនួន ២៨,៥៩៧នាក់។ ដោយឡែកប្រសិនជាបូកយោងចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក មានរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបានព្យួរមានចំនួនសរុប ៧៦៣ រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុបជាង ៣៨៩,២០០នាក់។


បើតាមមន្ត្រីជាន់ខ្ពស់វិស័យការងាររូបនេះ រាល់កម្មករ និយោជិត ដែលបាត់បង់ការងារ ដោយមានការអនុញ្ញាតព្យួរកិច្ចសន្យារការងារត្រឹមត្រូវ គឺសុទ្ធតែទទួលបានបានប្រាក់ឧបត្ថម្ភនេះ។ 

 


សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងប្រកាសបន្តបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នេះ រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែមេសា រហូតដល់មិថុនា។ ក្នុងសេចក្តីសម្រេចនោះ រាជរដ្ឋាភិបាលក៏បានប្រកាសជួយដល់ភាគីនិយោជកក្នុងវិស័យទាំងពីរនេះរយៈពេល៣ខែបន្តទៀតផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

 


រាជរដ្ឋាភិបាល បានបន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មផងដែរ៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024