ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សហជីព កំណត់យកតួលេខ ២១៤.២ដុល្លារ សម្រាប់ចរចាដំឡើងប្រាក់ខែគោលកម្មករ នៅឆ្នាំ២០២២

០៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ លើកទី១ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ២០២២។ ក្នុងនោះ ភាគីសហជីពបានកំណត់យកតួលេខរួម ២១៤.២ដុល្លារ សម្រាប់ចរចាតំឡើងឲ្យកម្មករ។ ប៉ុន្តែ កិច្ចប្រជុំមិនទាន់សម្រេចយ៉ាងណានោះទេ ដោយត្រូវបើកកិច្ចប្រជុំ ៣លើកទៀត មុននឹងកំណត់យកតួលេខជាផ្លូវការ នៅចុងខែកញ្ញានេះ។

 


ក្រុមសហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់យកតួលេខរួម ២១៤.២ដុល្លារ សម្រាប់ការតំឡើងប្រាក់ខែគោលរបស់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅឆ្នាំ២០២២។


លោក  អាត ធន់ ប្រធាន សហភាព ការងារ កម្ពុជា បានប្រាប់ភីអិនអិននៅថ្ងៃទី៧ ខែកញ្ញានេះថា ផ្អែកតាមការសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងសង្គម សហជីពបានកំណត់យកតួលេខ ១១.៦% ស្មើនឹង ២២.២ដុល្លារ ជាប្រាក់តំឡើងថ្មីសម្រាប់ចរចា ពោលគឺពី ១៩២ដុល្លារ ក្នុងឆ្នាំ២០២១ ដល់ ២១៤.២ដុល្លារ សម្រាប់ឆ្នាំ២០២២។ 


លោកបានបញ្ជាក់ថា ការកំណត់ឈ្នួលអប្បបរមាថ្មីនេះជាការសមរម្យមួយ ពីព្រោះនៅបរិបទកូវីដ១៩ នេះកម្មករបានជួបការលំបាកជាច្រើន ទាំងការចំណាយលើគ្រួសារ និងតម្រូវការប្រចាំថ្ងៃមានការកើនឡើង។ ជាមួយគ្នានេះ បើមើលពីស្ថានភាពនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាក៏មានល្អប្រសើរឡើងវិញ ទាំងការនាំចេញ និងតម្រូវការពលកម្មកាន់តែច្រើន។

 


តំណាងសហជីពរូបនេះ បានឲ្យដឹងដែរថា ការកំណត់តួលេខប្រាក់ឈ្នួលនេះ ត្រូវបានលើឡើងក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ ក្រោមវត្តមានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។


តែយ៉ាងណា លោកថាក្នុងកិច្ចប្រជុំមិនមានការប្រតិកម្មជាផ្លូវការពីតួលេខប្រាក់ខែថ្មី ដែលស្នើដោយភាគីសហជីពនេះឡើយ ដោយគ្រាន់តែភាគីនិយោជក លើកឡើងថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលជួបប្រទះនូវបញ្ហាកូវីដ ដូច្នេះមិនគួរតំឡើងប្រាក់ឈ្នួលបែបនេះនោះទេ។

 


គួរជម្រាបថា ក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិ បានសម្រេចរៀបចំកិច្ចប្រជុំ ៣លើកទៀត គឺនៅថ្ងៃទី១៤, ២១ និង២៨ ខែកញ្ញា ដើម្បីពិនិត្យលើសំណូមពរ និងស្ថានភាពជាក់ស្តែង មុននឹងចេញលទ្ធផលប្រាក់ខែគោលកម្មករជាផ្លូវការ ដើម្បីអនុវត្តនៅខែមករា ឆ្នាំ២០២២៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ និងផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024