ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តំណាងត្រីភាគី កំណត់តួលេខចុងក្រោយរៀងៗខ្លួន ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យសម្រេច

២២ កញ្ញា ២០២១ | ព័ត៌មានជាតិ

តំណាងក្រសួងក្រសួងការងារ តំណាងនិយោជក និងតំណាងសហជីព បានចាប់ផ្ដើមកិច្ចប្រជុំបន្ត នៅថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ក្នុងកិច្ចចរចាត្រីភាគីនេះ តំណាងភាគីទាំង៣ បានកំណត់តួលេខចុងក្រោយរៀងៗខ្លួន ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យសម្រេចចុងក្រោយ នៅចុងខែកញ្ញានេះ។

 


ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបន្តប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ ចំនួន ៥ថ្ងៃ (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន ២ថ្ងៃ ភាគីនិយោជកចំនួន ១ថ្ងៃ និងត្រីភាគីចំនួន ២ថ្ងៃ) បន្តទៀត ក្រោយពីបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។


របាយការណ៍ដែលឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឲ្យភីអិនអិននៅថ្ងៃទី២១ ខែកញ្ញានេះ បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាត្រីភាគីទទួលបានវឌ្ឍនភាពដូចតទៅ៖ 


- កិច្ចប្រជុំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៖ បន្តកិច្ចប្រជុំពិភាក្សាត្រីភាគី លើតួលេខប្រាក់ឈ្នួលអប្បបរមា ដោយភាគីកម្មករនិយោជិតបានបង្ហាញជំហរបឋមចំនួន ២១៤.២៧ដុល្លារអាមេរិក 
និងភាគីនិយោជកបាន បង្ហាញជំហរបឋមចំនួន ១៨៣,៤ដុល្លារអាមេរិក។

 


- កិច្ចប្រជុំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១៖ បន្តកិច្ចប្រជុំពិភាក្សាត្រីភាគី និងទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ ដូចជា៖ សម្រាប់តំណាងភាគីកម្មករនិយោជិត ឯកភាពយកតួលេខ ២០៤ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុង របស់តំណាងភាគីកម្មករនិយោជិត, តំណាងភាគីនិយោជកបានឯកភាពយកតួលេខ ១៨៨ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ធភាពផ្ទៃក្នុង របស់តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្របានកំណត់តួលេខចំនួន ១៩២ដុល្លារអាម៉េរិក។

 


របាយការណ៍បានឲ្យដឹងថា ដោយតួលេខនៃភាគីនីមួយៗនៅមានគម្លាតឆ្ងាយ ទោះបីជាបានប្រជុំពិភាក្សាជាលក្ខណៈផ្ទៃក្នុងលក្ខណៈទ្វេភាគី និងលក្ខណៈត្រីភាគីជាច្រើនលើកក៏ដោយ និងយោងតាមមាត្រា ១២ និង ១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា តំណាងត្រីភាគីបានចុះកំណត់តួលេខចុងក្រោយរៀងៗខ្លួន ក្នុងនោះ តួលេខ ២០៤ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយរបស់តំណាងភាគីកម្មករនិយោជិត, តួលេខ ១៨៨ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយរបស់តំណាងភាគីនិយោជក និងតួលេខ ១៩២ដុល្លារអាមេរិក ជាតួលេខរបស់តំណាងភាគីរាជរដ្ឋាភិបាល។


គោលជំហរចុងក្រោយនៃតួលេខនេះ ត្រូវបានដាក់ជូនឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យសម្រេច ឬបោះឆ្នោតទៅតាមនីតិវិធីដែលបានកំណត់។ 

 


សូមបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ តំណាងភាគីទាំង៣ នឹងត្រូវជួបពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ មុននឹងឈានទៅធ្វើការសម្រេចរួមគ្នាជាចុងក្រោយ នៃតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024