ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តំណាងក្រុមហ៊ុនផ្សារទំនើប Makro គ្រោងពង្រីក ៩សាខានៅកម្ពុជា ពេលបើកដំណើរការហើយ

០៤ កញ្ញា ២០១៧ | សេដ្ឋកិច្ច

ផ្សារម៉ាក្រូ ដែលទើបតែបើកសម្ពោធសាងសង់ កាលពីចុងខែឧសភាកន្លងទៅនេះ គ្រោងនឹងបញ្ចប់រួចរាល់ព្រម​ទាំង​បើកដំណើរការលក់ នៅចុងខែតុលាខាងមុខនេះ​។ តំណាងក្រុមហ៊ុនមួយនេះ អះអាងថា គ្រោងនឹងពង្រីកសាខាឲ្យបាន ៩កន្លែង នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងទី១របស់ផ្សារលក់ទំនិញបោះដុំនេះ បើកលក់ជាផ្លូវការ។ ការ​ដំណើរ​ការ​ផ្សារទំនើបនេះ រំពឹង​ថា​នឹងផ្ដល់ឱកាសការងារជាង ២៧០កន្លែងដល់​ប្រជាជនកម្ពុជា។

 

 

នាយកគ្រប់គ្រងទូទៅផ្សារម៉ាក្រូ លោក ថាណាភុប ប្រាកខនសុង បានលើកឡើងថា គិតមកទល់ពេលនេះ ផ្សារម៉ាក្រូ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៧០%ហើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងតែធ្វើការជ្រើសរើសបុគ្គលិកបន្ថែម និងបំពាក់បំប៉នសមត្ថភាពដល់ពួកគេ ដើម្បីអាចចូលធ្វើការបាននៅទីតាំងផ្សារម៉ាក្រូ ដែលសាងសង់រួច នៅចុងខែតុលាខាងមុខនេះ។ លោក ថាណាភុប បានបន្ដទៀតថា ក្រោយពីគម្រោងទី១នេះ បានបញ្ចប់ ក្រុមហ៊ុនក៏គ្រោងនឹងពង្រីកគម្រោងទី២ របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ និងគ្រោងពង្រីកសាខាបន្ថែមទៀតឲ្យបានដល់ ៩សាខា នៅទូទាំងប្រទេសកម្ពុជា។

 

 

ផ្សារម៉ាក្រូនេះ បាននិងកំពុងសាងសង់លើផ្ទៃដីសរុប ៥ហិកតា ក្នុងនោះមាន ១ម៉ឺនម៉ែត្រការ៉េ គឺជាទីតាំងសំខាន់ សម្រាប់ការលក់ទំនិញ​ប្រកបដោយផាកសុកភាព ព្រមជាមួយនឹងចំណតយានយន្ដជាង ៥០០គ្រឿងផងដែរ។

 

សូមជម្រាបដែរថា ផ្សារម៉ាក្រូ ត្រូវបានវិនិយោគរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុក អិលវ៉ាយភី គ្រុប ជាមួយនឹងក្រុមហ៊ុន ស៊ីភី គ្រុប របស់ថៃ។ បើតាមការអះអាងពីនាយកគ្រប់គ្រទូទៅផ្សារមួយនេះ ក្រៅពីមានលក់ទំនិញបោះដុំ ផ្សារ​ទំនើបនេះ អាចនឹងមានហាងលក់ និងផ្ដល់សេវាកម្មប្រមាណតែ ៥កន្លែងប៉ុណ្ណោះ ដែលជាដៃគូ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីភីគ្រុប៕ 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024