ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

 កម្ពុជា ត្រៀមខ្លួនរួចរាល់ហើយដើម្បីចុះកិច្ចព្រមព្រៀង RCEP នៅចុងឆ្នាំ២០២០នេះ ទោះបីមានផលរំខានខ្លះពីកូវីដ-១៩

២៥ មិថុនា ២០២០ | សេដ្ឋកិច្ច

នៅដើមសប្ដាហ៍នេះ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ បានបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយក្នុងនោះ ក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ រួមជាមួយបណ្ដាប្រទេសអាស៊ានទាំងអស់ និងប្រទេសជាដៃគូចរចា ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ចំនួន ៥ផ្សេងទៀត។

 

បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEPនេះ ក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។


ជាមួយគ្នានេះ សម្រាប់កម្ពុជា ចំពោះការចរចាកិច្ចព្រមព្រៀងនេះដែរ គឺកម្ពុជាបានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួចរាល់អស់ហើយ និងបានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងឆ្នាំនេះ។


ក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងទៀតថា ការចរចាបញ្ចប់ និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩។ ការអះអាងដូច្នេះ គឺដោយសារតែ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEPនេះទាំងមូល មានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្មសរុបមានជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០%។


ដើមឡើយកិច្ចព្រមព្រៀងនេះ មានប្រទេសចូលរួមចំនួន ១៦ រួមមាន ប្រទេសអាស៊ានទាំង១០ និងប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលស័រឡង់។ ប៉ុន្ដែ ក្រោយមកឥណ្ឌា ហាក់មានការស្ទាក់ស្ទើរក្នុងការបើកចំហរទីផ្សាររបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងនេះ ដោយបារម្ភខ្លាចឱនភាពរបស់ខ្លួនជាមួយនឹងប្រទេសចិន ដែលជាសមាជិក RCEP ដែរនោះ នឹងហក់កើនឡើងកាន់តែខ្ពស់។ ហេតុនេះហើយ ទើបឥណ្ឌាបានបោះបង់ចោលការងារចរចាជាបន្ដបន្ទាប់មកទល់នឹងពេលនេះ។ ទោះយ៉ាងណា ប្រទេសអាស៊ានកំពុងព្យាយាមបញ្ចុះបញ្ចូលឥណ្ឌាឲ្យវិលមកកិច្ចចរចាបញ្ចប់កិច្ចព្រមព្រៀងវិញ ព្រោះអាស៊ានយល់ឃើញថា ឥណ្ឌា គឺជាចំណែកធំដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងនេះ តាំងពីពេលដែលកិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើមកាលពីឆ្នាំ២០១២មកម្ល៉េះ៕


អត្ថបទ៖ ចាន់ ភារម្យ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024