ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រយៈពេល ៧ខែ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេច ៤.៥ពាន់លានដុល្លារ ធ្លាក់ចុះ ១០%

២៦ សីហា ២០២០ | សេដ្ឋកិច្ច

អំឡុងពេល ៧ខែនេះ កម្ពុជា បាននាំចេញទំនិញជាង ៨៣០លានដុល្លារ ទៅកាន់ប្រទេសថៃ ដែលតួលេខនេះ មានការធ្លាក់ចុះ ២១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈ ទំនិញដែល ថៃ នាំចេញមកកាន់ កម្ពុជា វិញ សម្រេចបានជាង ៣ពាន់ ៧រយលានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៧%។


ដោយឡែក បើយើងក្រឡេកទៅមើលទំហំពាណិជ្ជកម្មរបស់ប្រទេសថៃ ក្នុងរយៈពេល ៧ខែនេះ គឺថា ការនាំចេញសម្រេចបាន ១៣៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៧% ហើយការនាំចូលទំនិញមកកាន់ ថៃ វិញសម្រេចបានជាង ១១៩ពាន់លានដុល្លារអាមេរិក ធ្លាក់ ១៤% ដែលធ្វើឲ្យ ប្រទេសថៃ សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ១៤ពាន់លានដុល្លារអាមេរិក។


លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ការនាំចេញទំនិញរបស់ថៃ ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ គឹថមថយចុះ តិចជាងមុន ដែលបង្ហាញពី ភាពប្រសើរឡើងវិញនៃ ពាណិជ្ជកម្មអន្តរជាតិ ដោយសារ បណ្តាប្រទេសជាដៃគូ អាចគ្រប់គ្រងស្ថានការណ៍ជម្ងឺកូវីដ១៩ បានល្អជាងមុន និងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងជាដើម។

 


លោកស្រី បន្តថា មានផលិតផលសក្តានុពលជាច្រើនមុខ ដែលថៃ អាចជម្រុញការនាំចេញបាន ជាពិសេសទៅលើ អាហារកែច្នៃ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ហើយនឹងសម្ភារៈពាក់ព័ន្ធនឹង ជម្ងឺកូវីដ១៩។


គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ ក៏បង្ហាញពីការប៉ាន់ប្រមាណថា ការនាំចេញរបស់ថៃ ក្នុងឆ្នាំនេះ អាចនឹងសម្រេចបាន ២២៧ពាន់លានដុល្លារអាមេរិក ដែលមានការធា្លក់ចុះប្រមាណ ៨% ដោយសារតែ ភាពមិនច្បាស់លាស់នៃការផ្ទុះឡើងវិញនៃមេរោគកូវីដ១៩ ការចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកល និងជាពិសេសគឺ ការរឹតបន្តឹងលើ ពាណិជ្ជកម្មអន្តរជាតិ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024