ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃកើនដល់ជាង ៣,៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ

១៣ កក្កដា ២០២០ | សេដ្ឋកិច្ច

បើទោះបីជា វិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ពិតមែន បើយើងក្រឡេកទៅមើល ទំហំពាណិជ្ជកម្មទ្វេភាគីវិញ ឃើញថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាង កម្ពុជា និងថៃ សម្រេចបានជាទឹកប្រាក់ជាង ៣ពាន់ ៥រយលានដុល្លារអាមេរិក ដែលមានកំណើន ៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះយោងតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្មថៃ ចេញផ្សាយនៅថ្ងៃនេះ។


នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង ៧២៥លានដុល្លារអាមេរិក កើនឡើងជិត ៩០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំទំនិញពី ថៃ ចូលមកប្រទេសកម្ពុជា វិញ សម្រេចបាន ២ពាន់ ៨រយលានដុល្លារអាមេរិក មានការថមថយចុះ ២.៨%។

 


បើតាម នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ ថៃ សម្រេចបានជាង ១៦ពាន់ ៧រយលានដុល្លាអាមេរិក ក្នុងនោះ ការធ្វើពាណិជ្ជកម្មតាមព្រំដែន ជាមួយប្រទេសកម្ពុជា មានជាង ២ពាន់ ២រយលានដុល្លារអាមេរិក កើនឡើង ៥%ផងដែរ។
យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ធ្លាក់ចុះ ៩.៧% ដោយសារតែសេដ្ឋកិច្ចប្រទេសជិតខាង មានផលប៉ះពាល់ដោយសារតែមេរោគកូវីដ១៩ ដែលធ្វើឲ្យច្រកព្រំដែនសំខាន់ៗ បិទទ្វារសឹងតែទាំងអស់។


អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ បានគូសបញ្ជាក់ ទំនងទំនាក់ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងព្រំដែនទៅវិញទៅមក នៅតែបន្តធា្លក់ចុះ ដោយសារតែវិបត្តិមេរោគនេះ ដែលបានធ្វើឲ្យ ថៃ បិទច្រកព្រំដែនអស់ ៦៩កន្លែង ក្នុងចំណោមច្រកទាំងអស់ ៩៧កន្លែង។


ទោះយ៉ាងណាក៏ដោយ ថៃ រំពឹងថា ស្ថានការណ៍នឹងប្រសើរឡើងវិញ នៅឆមាសទី ២នេះ ដោយប្រទេសជិតខាង នៅតែមានតម្រូវការប្រើប្រាស់លើ មុខទំនិញថៃ។


គួររម្លឹកបន្តិចដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ធ្លាប់បានប្រកាសឲ្យដឹងថា កាលពីពេលថ្មីៗនេះ កម្ពុជា និងថៃ បានពិភាក្សាអំពី លទ្ធភាពនៃការបើកច្រកព្រំដែនឡើងវិញ ដើម្បីជម្រុញលំហូរទេសចរណ៍ និងស្តារនូវ ចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ ប៉ុន្តែមកដល់ពេលនេះ ពុំទាន់មានព័ត៌មានជាផ្លូវការណាមួយ អំពីការចាប់ផ្តើមបើកច្រកព្រំដែនឡើងវិញនោះទេ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024