ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

១០ឆ្នាំចុងក្រោយនេះ វៀតណាមបានវិនិយោគនៅកម្ពុជា ២.៧០០ លានដុល្លារ

២៧ កក្កដា ២០២០ | សេដ្ឋកិច្ច

នៅរយៈពេល១០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនវៀតណាមបានចេញ វិនិយោគនៅ ក្រៅប្រទេសមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៩.៥០០ លានដុល្លារអាមេរិក និងបានទទួលបានប្រាក់ចំណេញ និងដើមទុនត្រឡប់មកប្រទេសកំណើតវិញប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទិសដៅ វិនិយោគនៅក្រៅប្រទេសដែលក្រុមហ៊ុនវៀតណាម បានដាក់ទុនរកស៊ីច្រើនជាងគេបង្អស់ នៅរយៈពេល ១០ឆ្នាំមកនេះ គឺប្រទេសឡាវ ដែលមានតម្លៃទុនវិនិយោគសរុបដល់ទៅ ៤.៩០០ លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគ ២០៨ គម្រោង បន្ទាប់មកគឺប្រទេសរុស្ស៊ី មាន២.៨០០ លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគតែ ១៥គម្រោងប៉ុណ្ណោះ ខណៈដែលកម្ពុជាវិញឈរលេខ៣ ទទួលបានទុនវិនិយោគពីវៀតណាម ២.៧០០ លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគចំនួន ១៨០ គម្រោង និងតាមពីក្រោយដោយប្រទេសវេណេស៊ុយអេឡា និងមីយ៉ាម៉ា ដែលមានទុនវិនិយោគ ក្រោម ២.០០០ លានដុល្លារអាមេរិកដូចៗគ្នា។


គម្រោងដែលក្រុមហ៊ុនវៀតណាមវិនិយោគ ភាគច្រើន គឺស្ថិតនៅក្នុងវិស័យផលិតកែច្នៃ បន្ទាប់មក គឺទូរគមនាគមន៍ និងបច្ចេកវិទ្យា និងការរុករកប្រេង និងហ្គាសជាដើម។ ប៉ុន្ដែ បើមើលទៅលើទំហំវិនិយោគវិញ គឺការវិនិយោគទៅក្នុងវិស័យរុករកប្រេង និងហ្គាស គឺមានទំហំទុនវិនិយោគធំជាងគេបង្អស់ បន្ទាប់មកគឺវិស័យទូរគមនាគមន៍ វារីអគ្គិសនី និងរោងចក្រផលិតកែច្នៃ។

 


តាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា សម្រាប់រយៈពេល ៥ខែ ដំបូងនៅឆ្នាំ ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម សម្រេចបានជាង ២.១០០ លានដុល្លារអាមេរិក មានការធ្លាក់ចុះជាង ៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលការថយចុះនេះ គឺបណ្តាលមកពី ការជះឥទ្ធិពលអវិជ្ជមាននៃមេរោគកូវីដ-១៩។ ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់វៀតណាម សម្រេចបានជាង ៤៧៦លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ១៥% ខណៈដែល ការនាំចេញទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ១.៧០០ លានដុល្លារអាមេរិក ធ្លាក់ចុះ ៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្ពុជា និងវៀតណាម សម្រេចបានជិត ៥.៣០០ លានដុល្លារអាមេរិក កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ ២០១៨៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024