ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តំណាងវិស័យឯកជនមកពី៣ស្ថាប័ន អំពាវនាវជាថ្មីទៀតឲ្យសភាអឺរ៉ុប ពិចារណាពន្យារពេលអនុវត្តដក EBA ពីកម្ពុជា

០៣ កក្កដា ២០២០ | សេដ្ឋកិច្ច

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមជាមួយនឹងសមាគមស្បែកជើងកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី ៣០ ខែមិថុនា បានរួមគ្នាអំពាវនាវជាថ្មីម្ដងទៀត ទៅកាន់សហភាពអឺរ៉ុប ឲ្យពិចារណាឡើងវិញដើម្បីពន្យារពេលចំពោះការចាប់ផ្តើមអនុវត្តទៅលើការដកប្រព័ន្ធអុនគ្រោះពន្ធ EBA ពីកម្ពុជា ខណៈនៅសល់តែប្រមាណ ៤០ថ្ងៃទៀតប៉ុណ្ណោះ ការចាប់ផ្ដើមដក EBA នឹងត្រូវអនុវត្ត។ ការអំពាវនាវរបស់តំណាងវិស័យឯកជនទាំងបីស្ថាប័ននេះ គឺធ្វើឡើងក្រោមហេតុផលថាវិស័យកាត់ដេរនៅកម្ពុជាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែ កូវីដ-១៩។

 

តាមអ្វីដែលជាការអំពាវនាវស្នើសុំរបស់តំណាងរោងចក្រ និងក្រុមហ៊ុនឯកជននៅកម្ពុជាទាំងនោះ គឺស្នើឲ្យសភាអឺរ៉ុបពិចារណាឡើងវិញ ពន្យារពេល១២ខែ ក្នុងការចាប់ផ្ដើមអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ខណៈដែលតាមផែនការអឺរ៉ុបនឹងចាប់ផ្ដើមអនុវត្តដក EBA នេះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០នេះ។

 


យោងតាមខ្លឹមសារនៅក្នុងសេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរ, សមាគមស្បែកជើង និងសភាពាណិជ្ជកម្មអឹរ៉ុបប្រចាំកម្ពុជា ដែលបានឆ្លើយតបទៅកាន់ លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុបបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៃមេរោគកូវីដ-១៩ មក មានរោងចក្រប្រមាណ ៤០០រោងចក្រហើយ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរត្រូវផ្អាកប្រតិបត្តិការ ហើយមានរោងចក្រភាគច្រើនផ្សេងទៀតក៏បានកាត់បន្ថយផលិតកម្មរបស់ខ្លួនផងដែរ។

 

ក្នុងនោះ មានកម្មករនិយោជិតប្រហែល១៥ម៉ឺននាក់ ភាគច្រើនជាស្ត្រី គឺបានបាត់បង់ការងារធ្វើ។ ចំនួនអ្នកបាត់បង់ការងារនេះ អាចនឹងកើនឡើងថែមទៀត នៅក្នុងសប្ដាហ៍បន្តបន្ទាប់នេះ ដោយសារតែក្រុមហ៊ុនម៉ាក និងអ្នកលក់រាយជាច្រើន នៅអឺរ៉ុប និងអាមេរិកខាងជើង បានលុបចោល ឬពន្យារការបញ្ជាទិញ ដោយសារតែការលក់របស់គេនៅអឺរ៉ុប មានការធ្លាក់ចុះ ព្រោះតែបញ្ហារីករាលដាលនៃមេរោគឆ្លង។ ផ្អែកលើហេតុផលទាំងនេះ គេមើលឃើញថា ពលរដ្ឋកម្ពុជារាប់លាននាក់អាចនឹងត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ ព្រោះតែវិបត្តិនេះ។


លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «យើងបានស្នើទៅកាន់សភាអឺរ៉ុប ឲ្យពិចារណាម្ដងទៀតថា នៅពេលដែលគណៈកម្មការអឺរ៉ុបបានសម្រេចចិត្ត នៅក្នុងខែកុម្ភៈថានឹងដកប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីកម្ពុជានោះ គឺនៅគ្រានោះ គេមិនទាន់បានដឹងថា នឹងមានផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ-១៩ កើតឡើងនៅឡើយទេ។ ដូច្នេះ យើងស្នើឲ្យសភាពអឺរ៉ុប យកពេលវេលាសមគួរពិចារណាលើផលប៉ះពាល់ដែលមាននាពេលឥឡូវនេះ។»


លោក Ben Kao អគ្គលេខាធិការសមាគមស្បែកជើងកម្ពុជា បានឲ្យដឹងដែរថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលស្បែកជើងកម្ពុជា។ លោកបន្ថែមថា «រោងចក្រ និងកម្មកររបស់យើង បានរងការប៉ះពាល់ធំធេងណាស់ពីបញ្ហាមេរោគរាតត្បាតនេះ ហើយមានរោងចក្រជាច្រើនព្យាយាមរក្សាដង្ហើមរស់រងចាំតម្រូវការ ដែលសង្ឃឹមថា នឹងមានឡើងវិញនៅក្នុងឆ្នាំ២០២០នេះ។ លោក Ben Kao គូសបញ្ជាក់ថា ផលប៉ះពាល់ទី២ ដោយសារតែការដក EBA នេះ អាចនឹងធ្វើឲ្យរោងចក្រភាគច្រើន នឹងមិនអាចបន្តនិរន្តរភាពបានឡើយ។ 


ដូច្នេះ ខាងតំណាងរោងចក្រ និងក្រុមហ៊ុនឯកជន ទទូចស្នើឲ្យសភាអឺរ៉ុបធ្វើការពិចារណាឡើងវិញ ក្នុងការពន្យារពេលអនុវត្តការដក EBA ពីកម្ពុជានេះ។ 

 


លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងដែរថា ក្នុងនាមសហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា យើងសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការអឺរ៉ុប នឹងពិចារណាឡើងវិញ ទៅលើការសម្រេចចិត្តនេះ។ លោក Arnaud ជឿជាក់ថា ការនៅតែបន្ដអនុវត្តដក EBA ដូចកាលដែលបានកំណត់ដោយអឺរ៉ុបនោះ នឹងដើរបញ្ជ្រាសការផ្លាស់ប្ដូរសេដ្ឋកិច្ចសង្គមកម្ពុជា នឹងធ្វើឲ្យមានការប៉ះពាល់ដ៏អាក្រក់ ទៅលើការងាររបស់ពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ផងដែរ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024