ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

កម្ពុជានាំចេញទៅជប៉ុនធ្លាក់ចុះជិត ១ភាគរយនៅរយៈពេល ៥ខែដើម ឆ្នាំ២០២០

២៧ កក្កដា ២០២០ | សេដ្ឋកិច្ច

ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនចាប់ពីខែមករា ដល់បំណាច់ខែឧសភា ឆ្នាំ២០២០នេះបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាតួលេខនាំចេញនេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ដដែលនោះទេ ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានដែលបានធ្វើការនាំចេញទៅជប៉ុនដូចគ្នា។


ឯកឧត្តម សៀង ថៃ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងដឹថា ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនកន្លងមកមានភាពរលូនជាមួយគ្នាដោយភាគច្រើនការនាំចេញរបស់កម្ពុជាទៅជប៉ុនមានការកើនជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះមានការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាជំងឺកូវីដ-១៩តែប៉ុណ្ណោះ ហើយមិនត្រឹមតែកម្ពុជាទេដែលរងផលប៉ះពាល់ ទូទាំងសកលលោកក៏រងផលប៉ះពាល់ដូចគ្នា។

 


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកមានសភាពខុសប្លែកពីគ្នា ដោយការនាំចេញទំនិញពីកម្ពុជាទៅប្រទេសខ្លះទៀតក៏នៅតែមានការកើនឡើងផងដែរ។ ឯកឧត្តមថា ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនមិនមានបញ្ហានោះទេ អ្វីដែលជាបញ្ហានោះគឺជំងឺកូវីដ-១៩ ដែលបានទាញទម្លាក់ការនាំចេញរបស់កម្ពុជានាពេលនេះ។


ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបញ្ជាក់ថា គិតមកដល់ត្រឹមខែឧសភានេះ ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ១៨០ លានដុល្លារ ដែលតួលេខនេះគឺតិចជាងកម្ពុជានាំចេញទៅជប៉ុន ប្រមាណជាង៥០០ លានដុល្លារអាមេរិក។


ឯកឧត្តមបណ្ឌិត ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងឲ្យដឹងដែរថា ជាការកត់សម្គាល់ក្នុងរយៈពេលនេះដែរ អ្នកវិនិយោគជប៉ុនក៏កំពុងរង់ចាំមើលពីស្ថានភាពផលប៉ះពាល់ដោយសាជំងឺកូវីដ ១៩ នៅកម្ពុជា ដោយពួកគាត់ម្នាក់ៗរក្សាភាពស្ងប់ស្ងាត់មួយរយៈរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ខណៈក្តីកង្វល់នេះមិនត្រឹមមានតែនៅកម្ពុជាប៉ុណ្ណោះទេ ប្រទេសផ្សេងៗទៀតដូចជានៅសហគមន៍អឺរ៉ុប និងអាមេរិកជាដើមសុទ្ធតែបង្ហាញពីកង្វល់ដូចគ្នា។


សូមជម្រាបផងដែរថា ផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញ គឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម។


អត្ថបទ៖ ស៊ឺន សុន 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024