ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បាវចនា និមិត្តសញ្ញា និងតុក្កតា តំណាងស៊ីហ្គេមឆ្នាំ២០២៣ នឹងសម្រេចជាផ្លូវការនៅដើមខែកក្កដា

២៥ មិថុនា ២០២០ | កីឡា

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងសមាជិក បាន ជ្រើសយក បាវចនា ចំនួន២ និមិត្តសញ្ញា ចំនួន២ និងតុក្កតា តំណាងស៊ីហ្គេមចំនួន១ សម្រាប់ដាក់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានCAMSOC ក្នុងការសម្រេចជ្រើសយកឲ្យចេញជាផ្លូវការនាដើមខែកក្កដា ខាងមុខនេះ។

 

 

ក្រោយកិច្ចប្រជុំបានបញ្ចប់ទៅ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលម្អិតប្រាប់អ្នកសារព័ត៌មានកីឡាថា ក្នុងការប្រជុំធំនាថ្ងៃទី ០២ កក្កដា ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ CAMSOC នឹងសម្រេចជ្រើសយកឲ្យខានតែបាននូវ បាវចនា និមិត្តសញ្ញា និងតុក្កតា របស់ស៊ីហ្គេម ដើម្បីរៀបចំការងារបន្តបន្ទាត់ទៀត។

 

 

«យើងត្រូវសម្រេចឲ្យបាននៅថ្ងៃទី ២ ខែក្រោយ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ លោកនឹងធ្វើការសម្រេចជ្រើសយកចុងក្រោយ ព្រោះពេលសម្រេចចុងក្រោយហើយ យើងនិងធ្វើរបាយការណ៍ជូនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីមើលឃើញអំពីការសម្រេចយកអ្វីដែលជាធាតុផ្សំ សំខាន់ សម្រាប់ធ្វើឲ្យដំណើរការ ស៊ីហ្គេម ទៅរលូន តាមរយៈការរៀបចំ Logo Mascot អីៗហ្នឹង ចឹងយើងនិងធ្វើការងារនេះឲ្យរួចរាល់នៅខែក្រោយ ហើយចំនុចមួយទៀត គឺចម្រៀងស៊ីហ្គេម កាលណាយើងមានឡូហ្គោ មានបាវចនាហើយ ទើបគេអាចយកខ្លឹមសារបាវចនា ឡូហ្គោ mascot អីហ្នឹង ទៅធ្វើចម្រៀងប្រចាំស៊ីហ្គេមបាន»។

 

 

គួរបញ្ជាក់ថា ទាំងបាវចនា និមិត្តសញ្ញា និងតុក្កតា តំណាងស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ ជ្រើសយក និងកែសម្រួល អស់ពេលជាងមួយខែមកហើយ មុនទទួលបានសមិទ្ធផល និងដាក់ជូនថ្នាក់ដឹកនាំ សម្រេចយកជាផ្លូវការនាដើមខែកក្កដា ខាងមុខនេះ៕
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024