ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ រួចរាល់ប្រមាណ៨០ភាគរយហេីយ គិតត្រឹមចុងខែមេសានេះ

២៧ មេសា ២០២០ | កីឡា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតមកទល់ចុងខែមេសា ឆ្នាំ​២០២០នេះ សំណង់​កីឡដ្ឋានធំ​នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ​៦​ម៉ឺន​នាក់​នោះ​ ដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយហើយ។ ឯកឧត្ដម​បញ្ជាក់​ថា​ ពហុកីឡដ្ឋាននេះ សង់រួចរាល់ទាំងស្រុងផ្នែកសំណង់រឹង ដោយនៅសល់តែការ​បំពាក់ដំបូល និងគ្រឿងបរិក្ខាសង្ហារឹមចំនួនធំតែប៉ុណ្ណោះ។

 

 

«ទោះក្នុង​វិបត្តិ​កូវីដ​ក្ដី​ ប៉ុន្តែ​ការ​សាងសង់​ពុំ​មាន​ផ្អាក​ផ្នែក​ណា​មួយ​ទេ​ ព្រោះ​មាន​កម្មករ​ទាំង​ខ្មែរ​ និង​ចិន​ជាង​៤០០​នាក់ ដោយ​មិន​មាន​អ្នក​ចេញ​មក​ខាងក្រៅ​ការដ្ឋាន​ ឬអ្នក​ផ្សេង​ចូលទៅ​នោះ​ទេ។​ ហេតុនេះដំណើរការ​សាងសង់​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ហើយ​យើង​អាច​វាយ​តម្លៃ​បាន​ថា​ រួចរាល់​នៅ​ចន្លោះ​ពី​៧០​ទៅ​៨០​ហើយ​សម្រាប់​កីឡដ្ឋាន​ធំ ដែល​យើង​ត្រៀម​រៀបចំ​បើក​ និង​បិទ​ស៊ីហ្គេម​នៅ​ទីនោះ»។ ឯកឧត្ដម​ វ៉ាត់ ចំរើន ពន្យល់​បែប​នេះ។
 

អគ្គលេខាធិការ NOCC ដដែលបានសង្កត់ធ្ងន់ទៀតថា យ៉ាងណាក៏ដោយ ពហុកីឡដ្ឋានធំនេះ នឹងធ្វើរួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២០ឱ្យខាងតែបាន ដើម្បីត្រៀមប្រើប្រាស់នៅដើមឆ្នាំ ២០២១។


គួរបញ្ជាក់ថា កីឡដ្ឋានធំ​នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើង​ដោយចំណាយថវិកាចំនួន១៦០លានដុល្លារអាមេរិក លើផ្ទៃដី​១៦.២២ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កីឡដ្ឋានធំដ៏ស្រស់ស្អាត ដែលអាចផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់នេះ នឹងត្រៀមសម្រាប់ការរៀបចំ​ពិធីបើក និងពិធីបិទ​ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ៕

 

អត្ថបទ និង​រូបភាព៖​ ងិន មករា​

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024